លទ្ធផលប្រមុខដឹកនាំកម្ពុជានិងប្រធានាធិបតីអ៊ុយក្រែន
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣តបតាមសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែន។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅយប់នេះ ដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាកិច្ចចាប់ផ្តើម លោកប្រធានាធិបតីបានរំលឹកសាជាថ្មីនិងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រនិងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិនិងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។លោកប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែនកាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ដែលបានអនុញ្ញាតឱ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយដែលបានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្តត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់សង្គ្រាមនិងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ជាមួយគ្នានេះផងដែរសម្តេចបានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជាចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។កម្ពុជាគោរពនិងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែនសម្តេចហ៊ុនសែន បានស្វាគមន៍ និងអបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចបានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន។លោកប្រធានាធិបតី បានថ្លែងអំណរគុណជូន សម្តេចចំពោះជំនួបតាមទូរស័ព្ទដ៏រាក់ទាក់នេះហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ហើយលោកបានជូនពររាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទទួលបានសន្តិភាពនិងវិបុលភាពជានិរន្តរ៍៕AKP
Post a Comment