ឯកឧត្តម​ស ​សុ​​ខា៖រាជរដ្ឋាភិបា​ល​មក​ពីគ​ណបក្សប្រជា​​​ជន​កម្ពុជា​បានអនុវត្តដោ​យ​​ជោ​គជ័យនូវកម្មវិធីន​​យោ​​​បាយនិងយុទ្ធសាស្ត្រច​តុកោណដំ​ណាក់កាល​ទី៤

ព្រៃវែង៖នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្តនិងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣២៥០នាក់ក្នុងស្រុកបាភ្នំ។ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឯកឧត្តម ស សុខាបានសម្តែងនូវអំណរគុណជាមួយការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបាភ្នំដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើនធ្វើឲ្យស្រុកបាភ្នំមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តមបន្តថាសមិទ្ធផលទាំងនេះគឺពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

រូបភាព៖សែត លីណា

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ សភាពការណ៍តំបន់ និងសកលលោក មានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញបំផុតបណ្តាលមកពីការប្រកួតប្រជែងដណ្តើមភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចនានា។ ទន្ទឹមនេះពិភពលោកក៏ជួបប្រទះនូវការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យមានគ្រោះធម្មជាតិកាន់តែញឹកញាប់នៅតាមប្រទេសនានា ក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ។ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា វិបត្តិ និងបញ្ហាប្រឈមទាំងនេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនក្នុងពិភពលោកទាំងមូល ដែលមិនធ្លាប់ជួបប្រទះចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក។ ទន្ទឹមនេះនៅកម្ពុជាក្រុមប្រឆាំងជ្រុលនិយមនិងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម ដើម្បីឈានទៅផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ថា ប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេស បានរួមគ្នាពុះពារឆ្លងកាត់វិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដែលរហូតមកទល់ពេលនេះយើងអាចវាយតម្លៃបានអំពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤៕សេង បូលីន

























Powered by Blogger.