សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីធ្វើវិសោធនកម្មចំនួន៨មាត្រា
រដ្ឋសភានៅព្រឹកថ្ងៃសុក្របានបើកកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដោយសមាជិករដ្ឋសភាចំនួន១១១រូបបានលើកដៃឯកភាពទាំងស្រុង។
តាមខ្លឹមសារគឺសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីនឹងធ្វើវិសោធនកម្មចំនួន៨មាត្រាដោយរាប់ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។មានមាត្រាធំចំនួន៤ដែលសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីបានធ្វើវិសោធនកម្មនៅពេលនេះដោយរាប់ចាប់តាំងការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។និយាយពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែមាត្រាថ្មីចំនួន៣គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។មាត្រា២៣ថ្មីគឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រត្រូវមានសញ្ជាតិជាខ្មែរពីកំណើតមានអាយុ២៥ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានលំនៅឋានក្នុងប្រទេសកម្ពុជាមានការតែងតំាងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះគឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។ រីឯមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀលចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា១៤៣ថ្មី វិញគឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ម្យ៉ាងវិញទៀតគណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីជាណាស់ណាពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះដែរ។ដោយមាត្រាថ្មីទាំង៣ គឺមាត្រា៣៥ថ្មី មាត្រា១៧១ថ្មី និងមាត្រា១៧២ថ្មី បានចែងដូចគ្នាស្ទើរទាំងស្រុងទៅនឹងមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី ដែលស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រាប់ចាប់តាំងពីសកម្មភាព និងការផាកពិន័យជាទឹកប្រាក់។ អ្វីដែលកត់សម្គាល់សម្រាប់មាត្រា២៣ថ្មីនៅក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺបានតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះត្រូវចូលរួមបោះឆ្នោតជាសកលលើកចុងក្រោយ។ការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិញ គឺសេចក្តីព្រាងបានធ្វើវិសោធនកម្មមាត្រា១៣ថ្មី ដោយរួមបញ្ចូលមាត្រា២៣ថ្មីនិងមាត្រាពាក់ព័ន្ធនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។រីឯការធ្វើវិសោធកម្មទី៤ទៅលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត វិញ គឺចែងអំពីមាត្រា១៥ថ្មី ដែលតម្រូវឲ្យពលរដ្ឋចូលរួមការបោះឆ្នោតជាសកលលើកចុងក្រោយ ប្រសិនបើមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។ជារួមការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ គឺបានបញ្ចូលរាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ ហើយក៏ត្រូវគេកត់សម្គាល់ថាជាការធ្វើវិសោធនកម្មដែលដាក់គោលដៅលើក្រុមអ្នកនយោបាយប្រឆាំង ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់អះអាងថាជាការធ្វើវិសោធនកម្មដែលទះឲ្យចំកញ្ចប់មាត់ និងវ៉ៃផ្តាច់ព្រ័ត្រតែម្តង។យ៉ាងណាមិញអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺការធ្វើវិសោធកម្មច្បាប់បោះឆ្នោតលើកនេះ សម្តេច ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានឡើងថ្លែងការពារនៅក្នុងរដ្ឋសភាព្រឹកនេះ បានអះអាងថាមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋឡើយ។ បើតាមសម្តេចស ខេង ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយមិនចាត់ទុកថាជាកាតព្វកិច្ច៕RFI
Post a Comment