នាយ​​ករដ្ឋមន្ត្រីហ៊ុ​​ន សែនអំ​ពាវនាវដល់​បងប្អូន​ជនរួម​ជាតិកុំមា​នកា​រភ័យ​ស្លន់ស្លោចំពោះ​​កា​រដា​​ក់ពង្រាយ​កងទ័ព

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវដល់បងប្អូនជនរួមជាតិកុំមានការភ័យស្លន់ស្លោចំពោះការដាក់ពង្រាយកងទ័ពដើម្បីការពារបូរណភាពទឹកដីក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។

រូបភាពសហការី
នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​អំពាវនាវ​ក្នុង​សារ​សំឡេង​មួយ​ផ្សេង​ទៀត​ដែលត្រូវ​បាន​ចែក​ចាយ​នៅ​ល្ងាច​នេះ​លើ​បណ្ដាញ​ផ្សព្វផ្សាយសង្គម។សម្តេច​បាន​មាន​ប្រសាសន៍​ថា “កុំ​ព្រួយ​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម” ដោយសម្តេច​បាន​បន្ថែម​ថា ការ​ដាក់​ពង្រាយ​ទ័ព​បន្ថែម​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ត្បូងឃ្មុំ គឺ​គ្រាន់​តែ​ជា​កម្លាំង​អន្តរាគមន៍​ជួយកម្លាំង​យោធភូមិភាគ​ទី ១ ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​ការបំពានទឹកដីជាក់ស្តែងដោយយន្តហោះគ្មានមនុស្សបើក ជាច្រើនលើក។សម្តេចបានគូសបញ្ជាក់ថា «ខ្ញុំ​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​ឈ្លានពាន និង​ជា​ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​នៅ​លើ​ទឹក​ដី​កម្ពុជា។ ដូច្នេះ​យើង​ត្រូវ​ការពារ​អធិបតេយ្យភាព​ជាតិ​របស់​យើង»។សម្តេចហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​យោធភូមិភាគ​ទី​១ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រាវជ្រាវ​រក​ភេរវជន​វៀតណាម ដែល​អាច​រត់គេចដោយ​ឆ្លងកាត់​ព្រំដែន​មក​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។ ជាងនេះទៅទៀតសម្តេចបាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សហការ និង​ផ្តល់​ព័ត៌មាន​ណាមួយ​ដែល​​អាចជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម។ សម្តេចនាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា សព្វាវុធ​របស់​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន)។លើសពីនេះ សម្តេចបានអំពាវនាវដល់ប្រទេសជិតខាង ផ្តល់ទីតាំងសម្រាប់យន្តហោះគ្មានមនុស្សបើកណាមួយដែលចូលមកក្នុងទឹកដីកម្ពុជា និងស្នើឱ្យអ្នកទទួលខុសត្រូវបញ្ឈប់ការលុកលុយជាបន្ទាន់។សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមគោរពអធិបតេយ្យភាពរបស់យើង យើងមិនចង់បានអ្វីក្រៅពីសន្តិភាព ឯករាជ្យភាព និងអធិបតេយ្យភាពរបស់យើងនោះទេ»។នៅព្រឹកថ្ងៃនេះសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចដាក់ពង្រាយទាហានចំនួន ៥០០ នាក់ និងអាវុធយ៉ាងតិច ២០០ ដើមទៅកាន់ខេត្តជាប់ព្រំដែនវៀតណាម ដើម្បីឃ្លាំមើល និងបាញ់ទម្លាក់យន្តហោះ​គ្មាន​មនុស្ស​បើក(ដ្រូន)មិនស្គាល់អត្តសញ្ញណដែលហោះចូលទឹកដីកម្ពុជា។យោងតាមសម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា យន្តហោះ​ដ្រូ​ន​ជាច្រើន​ត្រូវបាន​គេ​សង្កេតឃើញ​ហោះហើរ​ចូល​ទឹកដី​កម្ពុជា​ក្នុង​ខេត្តរតនគិរី​។ ភាគី​វៀតណាម​បាន​បដិសេធ​ថាយន្តហោះ​គ្មាន​មនុស្ស​បើក(​ដ្រូន) ​មិន​មែន​ជា​របស់​កង​កម្លាំង​របស់​ខ្លួន​ទេ។បន្ទាប់ពីការសង្កេត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាចារកម្មយោធាបានសន្និដ្ឋានថា យន្តហោះគ្មានមនុស្សបើកទំនងជារបស់ក្រុមភេរវករវៀតណាម ដែលកំពុងប្រតិបត្តិការនៅតំបន់ភ្នំក្បែរព្រំដែនហើយដែលបានវាយប្រហាររដ្ឋាភិបាលខ្លួនឯងប្រហែល២សប្តាហ៍មុន៕ AKP/Khmer Times
Powered by Blogger.