នាយ​ករដ្ឋម​ន្ត្រីស្នើឱ្យធ្វើវិសោ​ធន​កម្មច្បាប់​បោះឆ្នោតដែល​​មានសិទ្ធិឈរ​ឈ្មោះ

 សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើឱ្យក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ពិភាក្សាគ្នា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាបន្ទាន់ទៅលើអ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យបានមុនពេលយុទ្ធនាការបោះឆ្នោត នឹងត្រូវចាប់ផ្ដើមនាពេលខាងមុខនោះ។

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។AFP

ក្នុងសារជាសំឡេងតាមតេឡេក្រាម យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជូនជនរួមជាតិ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ ការជជែកវែកញែកអំពីសេរីភាព ទាក់ទិនទៅនឹងការបោះឆ្នោតត្រូវបានលើកឡើងជាបន្តបន្ទាប់។ សម្ដេចថ្លែងថារាជរដ្ឋាភិបាលនូវតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋទាក់ទងទៅនឹងការចូលរួមឬមិនចូលរួមសម្រាប់ការបោះឆ្នោត ប្រជាជនអាចទៅធ្វើការបោះឆ្នោតឬមិនអាចទៅធ្វើការបោះឆ្នោត នោះគឺជាសិទ្ធិជ្រើសរើសរបស់ប្រជាជន។សម្ដេចបន្តថាប៉ុន្តែនៅទីនេះ រាជរដ្ឋាភិបាលមានការចាំបាច់ដើម្បីពង្រឹងនិងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ។ បន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចស ខេង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌យើងចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្ដើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះអ្នកដែលមិនបានទៅបោះឆ្នោតដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់នឹងត្រូវចាត់ទុកថាបានបាត់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោត ក្នុងនាមជាពលរដ្ឋដដែលដោយមិនមានផលប៉ះពាល់អ្វីឡើយ។ សម្ដេចហ៊ុនសែនលើកឡើងថាចំណុចនេះបើយើងពិនិត្យមើលស្ថានភាពនៅក្នុងព្រះរាជាណាចក្រថៃឥឡូវនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើយើងបានដឹងគឺគណបក្សមួយចំនួនត្រូវបាត់បង់សមាជិកសភាមួយចំនួន ពីការជាប់ឆ្នោតទៅជាបាត់បង់នូវសិទ្ធិជាប់ឆ្នោតទៅវិញដោយសារតែពួកគេទាំងនោះមិនបានបំពេញកាតព្វកិច្ចក្នុងការទៅបោះឆ្នោតលើកទី១។សម្ដេចបញ្ជាក់ថាដូច្នេះនៅកម្ពុជាក៏អាចធ្វើបែបនេះទៅបានយើងត្រូវធ្វើការកែទម្រង់ឱ្យមានការទទួលខុសត្រូវចំពោះអ្នកដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត។ប្រសិនបើមិនបានបោះឆ្នោតលើកទី១ទេគេក៏មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យបានដែរទាំងក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ទាំងក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា ទាំងសមាជិករដ្ឋសភា។ដូច្នេះនេះជាការទទួលខុសត្រូវ ដែលយើងក្នុងនាមជាប្រទេសប្រជាធិបតេយ្យមួយហើយយើងក៏មិនបានអនុវត្តន៍នូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះ។ ប្រទេសប្រជាធិបតេយ្យខ្លះអ្នកមិនបានទៅបោះឆ្នោតដោយគ្មានមូលហេតុ គឺត្រូវទទួលទណ្ឌកម្ម ។ប៉ុន្តែសម្រាប់យើងប្រជាពលរដ្ឋទៅបោះឆ្នោតក៏បាន មិនទៅបោះឆ្នោតក៏បានគឺជាសិទ្ធិ។ក៏ប៉ុន្តែសម្រាប់អ្នកដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតគឺចាំបាច់ត្រូវតែមានការបោះឆ្នោតលើកទី១ មុនពេលដែលខ្លួនឈរឈ្មោះ។ដូច្នេះចំណុចនេះ សម្ដេចបានប្រគល់ភារកិច្ច ជូនសម្ដេចស ខេង និងលោកកើត រិទ្ធ ពិភាក្សាគ្នាជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអនុម័តក្នុងពេលខាងមុខនេះ។ ព្រោះនេះជាការចាំបាច់ដើម្បីចៀសវាងនូវការនិយាយចុះនិយាយឡើង ។ប៉ុន្តែយើងត្រូវនិយាយអំពីបញ្ហាផ្លូវច្បាប់អ្នកណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ។ប្រសិនបើមិនអាចទៅបោះឆ្នោត ឧទាហរណ៍ ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ អ្នកណាក៏ដោយ។ប្រសិនបើមិនបានទៅបោះឆ្នោតពេលនោះទេ អ្នកនោះគឺមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនៅពេលខាងមុខ ដែលជាការបោះឆ្នោតអសកលក្ដី ជាសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ត ជាការបោះឆ្នោតសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២៧ និងជាការបោះឆ្នោតសមាជិកសភានៅឆ្នាំ២០២៨។សម្ដេចគូសបញ្ជាក់ទៀតថា ធ្វើយ៉ាងនេះគឺដើម្បីពង្រឹងការទទួលខុសត្រូវ របស់មេដឹកនាំនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបើខ្លួនមិនអាចបំពេញកាតព្វកិច្ច ក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោតតើមានហេតុផលអ្វីដែលត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតហើយក្នុងបញ្ហានេះ ជាបញ្ហាដែលយើងត្រូវធ្វើឱ្យខាងតែបានសម្រាប់មុនពេលយុទ្ធនាការបោះឆ្នោត នឹងត្រូវចាប់ផ្ដើម។ សម្ដេចតេជោបញ្ជាក់ អំពីភាពចាំបាច់ នៃកំណែទម្រង់សម្រាប់អ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត តែវាមិនប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ដែលចង់ទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។ សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា  «យើងនឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយការធ្វើវិសោធនកម្មនេះ គឺស្របតាមកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសមាត្រាទី៣៤ថ្មី នៅកឋាខ័ណ្ឌចុងក្រោយដែលចែងថា បទបញ្ញាត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់»។ ដូច្នេះគ្មានអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ យើងគ្រាន់តែដកសិទ្ធិសម្រាប់អ្នណា ដែលមិនព្រមទៅបោះឆ្នោត មុនពេលដែលខ្លួនទៅឈរឈ្មោះនោះតែប៉ុណ្ណោះ។ សម្ដេចលើកឡើងបន្ថែមថាវាមិនមែនជារឿងចម្លែកទេ មានប្រទេសជិតខាងរបស់យើងគឺព្រះរាជាណាចក្រថៃបាននិងកំពុងធ្វើ ដែលធ្វើឱ្យគណបក្សនយោបាយមួយនោះត្រូវបាត់បង់អាសនៈយ៉ាងច្រើន ដោយសារតែគេមិនបានបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតកាលពីលើកមុន។ យើងក៏ធ្វើដូចគ្នានេះដែរ។ប៉ុន្តែយើងមិនធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោតឬមិនបោះឆ្នោតដែលនេះគឺជាការពង្រឹងទៅដល់ការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រងដឹកនាំ នៅគ្រប់ថ្នាក់ទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ដូច្នេះ ចាប់ពីថ្នាក់ ឃុំ សង្កាត់ បើចង់ទៅឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ត្រូវតែបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង ខេត្ត រាធានី ឬសមាជិកព្រឹទ្ធសភានៅឆ្នាំ២០២៤ ឬបន្តបន្ទាប់ ត្រូវតែទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកសភា នៅឆ្នាំ២០២៨ ត្រូវតែទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយចៀសមិនបាន។ បើមិនដូច្នោះ គេនឹងបាត់បង់សិទ្ធិ ហើយសិទ្ធិនេះត្រូវស្របទៅតាមបទប្បញ្ញាត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលមានកំណត់នៅក្នុងមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ។ យើងនឹងធ្វើវិសោធនកម្មជាបន្ទាន់លើបញ្ហានេះ៕AKP

Powered by Blogger.