សារ​ស​ម្ដេច​ហ៊ុន​​​​ សែនប្រធាន​គ​ណបក្សប្រជាជ​នកម្ពុជា

សម្ដេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់បងប្អូនជនរួមជាតិក៏ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សម្ដេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា។រូបភាពតេឡេក្រាមសម្ដេចហ៊ុនសែន។

ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរម្លឹកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ នៅខាងមុខសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់នោះ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា៖ «ថ្ងៃឤទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតហើយ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិក៏ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត»។ដោយ សម្ដេចតេជោបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង។ សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ។ សម្ដេចបានគូសបញ្ផាក់នូវជំហរឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ សម្ដេចតេជោប្រធានគណបក្ស ក៏បានអំពាវនាវដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ បេក្ខជន មន្ត្រី និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។ព្រមជាមួយនេះ សម្ដេចសង្ឃឹមថា គណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជាអង្គការនានានៃសង្គមស៊ីវិល, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិតជានឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវបរិយាកាសនយោបាយដ៏ល្អបំផុត ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕AKP


Powered by Blogger.