ប្រមុ​ខដឹក​​​​នាំ​កម្ពុ​ជា៖គ្មានជំនឿណា​មួ​​យថា​អ៊ុយក្រែន​អា​ច​វា​យយកទឹ​កដីដែល​រុស្ស៊ីកាន់​កា​​ប់​មកវិញបា​ន​ទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែនបានគូសប​ញ្ជាក់​ថា សម្តេចគ្មានជំនឿណាមួយថាអ៊ុយក្រែនអាចវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់​នោះ​បាន​មកវិញដោយសារការប្រើកម្លាំងត្រឹមប៉ុណ្ណឹងនោះទេ។ 

ការគូសបញ្ជាក់របស់សម្តេចបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់មកពី​រោង​ចក្រសហគ្រាសចំនួន៩នៅខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។សម្ដេចហ៊ុន សែនបានថ្លែងថា៖ «អ៊ុយក្រែនចាប់ផ្ដើមវាយបកទៅលើរុស្ស៊ី។ប៉ុន្ដែ​​ខ្ញុំគ្មានជំនឿណាមួយនិយាយតាមមួយបែបទៅគ្មានជំនឿណាមួយថាអ៊ុយក្រែនអាច​វាយយកទឹកដីដែលរុស្ស៊ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងត្រឹមប៉ុណ្ណឹងទេ»។ សម្ដេចបានរម្លឹកថា កាលពីថ្ងៃមុនពេលជួបប្រធានាធិបតីអ៊ុយក្រែនតាមវីដេអូសម្ដេច​ក៏បានចោទសួរទៅគាត់ថាតើឯកឧត្ដមមានគម្រោងនឹងវាយយកទឹកដីត្រឡប់​មក​វិញទេ។ឯកឧត្ដមប្រធានាធិបតីគាត់ឆ្លើយថាពិតជាមាន។ សម្ដេចនាយករដ្ឋ​មន្រ្ដី​ថ្លែង​​បញ្ជាក់ថា៖«ខ្ញុំមិនបានលើកទឹកចិត្ដឱ្យមានការវាយប្រហារទេ ខ្ញុំគ្រាន់តែនិយាយ​សំដៅ​ទៅគាត់ថាគួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ»។សម្ដេចបានអះអាងថា ឥឡូវមិនអាចនរណាទៅរារាំងអ៊ុយក្រែនទៅវាយទៅ​លើ​រុស្ស៊ីនោះទេ ។ក៏ប៉ុន្ដែសម្ដេចគ្មានជំនឿថាការប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្រ្គាម ដើម្បី​​ដណ្ដើមទឹកដីហើយរុស្ស៊ីក៏មិនចុះចាញ់ទៅលើតំបន់ដែលខ្លួនកំពុងកាន់កាប់នោះទេ ជា​ពិសេសតំបន់គ្រីមៀនិងតំបន់ដុនបាស់។ សម្ដេចបានសង្កត់ធ្ងន់ថា៖ ខ្ញុំអត់មាន​ជំនឿទេ ទោះបីអាម៉េរិក និងលោកខាងលិចផ្ដល់អាវុធឱ្យប៉ុណ្ណាក៏ដោយក៏ទៅមិនរួចដែរ ព្រោះនៅទីនោះគេក៏មានកម្លាំងហើយវាយទៅវាយមក ទីចុងបំផុតអ្នកដែលស្លាប់គឺ​ប្រជា​ជន​អ៊ុយក្រែននិងរុស្ស៊ីតែប៉ុណ្ណឹង»។ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារសន្ដិភាពក្នុងពេលដែលយើង​មានសន្ដិភាព​ហើយ ដើម្បីកុំឱ្យបាត់បង់ខណៈពេលដែលបាត់បង់សន្ដិភាព ទើបស្រែករកសន្តិភាព​គឺវា​យឺត​ពេលហើយ៕AKP

Powered by Blogger.