ការស្ទង់មតិបានបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែន មានប្រសាសន៍ថា ការស្ទង់មតិដោយជនបរទេសជាបន្តបន្ទាប់បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែន។រូបភាពតេលេក្រាមសម្តេចហ៊ុនសែន |
ក្នុងពិធីបន្តជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦ ៨៦៨ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហុន សែន មានប្រសាសន៍ថា៖ «អ្វីដែលយើងបានធ្វើនឹងកំពុងដើរត្រូវ ទិសហើយៗ ការស្ទង់មតិចុងក្រោយបំផុត ខ្ញុំមិនបង្ហាញនូវទិន្នន័យទេ។ ប៉ុន្តែកម្ពុជា បានធ្វើការស្ទង់មតិ ខែមករា ឆ្នាំ២០២២ ខែតុលា ឆ្នាំ២០២២ ខែមករា ឆ្នាំ២០២៣ ខែមេសា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃមុននេះ ទើបនឹងចេញមក។ អីចឹងចំណុចដែលសួរទាក់ទងនឹងការដើរត្រូវ របស់រាជរដ្ឋាភិបាល គឺមានចំនួនភាគរយខ្ពស់ខ្លាំងណាស់ ចំណុចដើរខុស គឺវានៅសេសសល់ ហើយមិនមែនជាការដើរខុសទេ គឺវាជាភាពទន់ខ្សោយ។ ឧទាហរណ៍ ទាក់ទងនឹងបញ្ហាគ្រឿងញៀន ទាក់ទងនឹងបញ្ហា អសកម្ម មួយចំនួន ក៏នៅមាន»។សម្ដេចគូសបញ្ជាក់ថា បញ្ហាទន់ខ្សោយទាំងនោះ ត្រូវបានរកឃើញ តាមរយៈការស្ទង់មតិ ហើយការស្ទង់មតិនេះ មិនមែនជាជនជាតិខ្មែរ អ្នកធ្វើនោះទេ គឺជនជាតិបរទេសមកធ្វើការស្ទង់មតិ។ តាមរយៈការស្ទង់មតិនោះទៀតសោត បានបង្ហាញថា អ្នកបោះឆ្នោតឱ្យគណបក្សប្រជាជន ភាគច្រើន ជាមនុស្សស្រី។លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១០ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ មានទីតាំងនៅក្រុងពោធិ៍សាត់ចំនួន១ ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន១។ រោងចក្រទាំង១០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣ ផលិតគ្រឿងអេឡិចត្រូនិចចំនួន៥ ដំឡើងរថយន្តចំនួន១ និងផលិតផលកសិកម្មចំនួន១។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។នៅឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាសចំនួន២០៩ មានកម្មករ និយោជិតប្រមាណ ១ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៣១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន៣ មានកម្មករ និយោជិតសរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ខេត្តពោធិ៍សាត់ ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនក្នុងវិស័យកាត់ដេរ រួមទាំងកម្មន្តសាល ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ល៕AKP
Post a Comment