រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖កា​រនាំចូ​លនិងផលិតគ្រឿង​ញៀន​សំយោគក្នុងប្រទេស​​នៅ​តែកើនឡើង​ខ្លាំង

 គ្រឿងញៀនជិត៦តោនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៨​ ខែមិថុនានេះ។សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា បើទោះបីការបង្រ្កាបគ្រឿងញៀនបានធ្វើឡើងជាបន្តបន្ទាប់។ ក៏ប៉ុន្តែលោកកត់សម្គាល់ថាការនាំចូលនិងផលិតគ្រឿងញៀនសំយោគក្នុងប្រទេសនៅតែកើនឡើងខ្លាំងដែលទាមទារឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវដុតដៃដុតជើងបន្តបង្ក្រាបទីតាំងផលិតគ្រឿងញៀននិងឧកិ្រដ្ឋជនឱ្យមានប្រសិទ្ធិភាពជាងមុនបន្ថែម។

 គ្រឿងញៀនជិត៦តោនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៨​ ខែមិថុនានេះ
ក្នុងពិធីដុតបំផ្លាញគ្រឿងញៀនជិត៦តោន(៥,៧តោន)នាព្រឹកនេះសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថាការលួចកែឆ្នៃ និងផលិតគ្រឿងញៀនសំយោគក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជននៅមានចំនួនច្រើនដដែលខណៈការនាំចូលគ្រឿងញៀនតាមតំបន់ត្រីកោណមាសឆ្លងកាត់ខេត្តភូមិភាគ​ឦសានវិញសម្តេចស ខេងកត់សម្គាល់ថា ក៏នៅមានកំណើនដូចគ្នា។បើតាមសម្តេចស ខេង គ្រឿងញៀនដែលកំពុងផលិតក្នុងប្រទេសកម្ពុជាភាគច្រើនក្រុមឧក្រិដ្ឋជនប្រើល្បិចនាំចូលសារធាតុគីមីតាមរយៈមុខទំនិញស្របច្បាប់ហើយក្រោយពេលសារធាតុគីមីទាំងនោះបានចូលដល់ទឹកដីកម្ពុជាសម្តេចស ខេងថា ក្រុមឧក្រិដ្ឋជនបានធ្វើការបង្វែរសារធាតុគីមីផ្សំទាំងនោះ ផលិតជាគ្រឿងញៀនខុសច្បាប់វិញ។​ត្រង់ចំណុចនេះសម្តេចស ខេងអះអាងថាអាជ្ញាធរបានចុះបង្រ្កាបនិងរឹបអូសសារធាតុគីមីទាំងនោះជាបន្តបន្ទាប់។តែយ៉ាងណាសម្តេច ស ខេងចាត់ទុកថាបញ្ហាទាំងនេះ គឺជាហានិភ័យខ្ពស់ចំពោះសង្គមទាំងមូលពិសេសយុវជនខ្មែរ ហើយសម្តេចទទួលស្គាល់ថា អាជ្ញាធរនៅមិនទាន់មានយន្តការគ្រប់គ្រង និងមានកិច្ចសហការគ្នាឱ្យបានច្បាស់លាស់និងម៉ត់ចត់នៅឡើយ។កាលពី​ឆ្នាំ​២០២២ កន្លងទៅ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រឹបអូស​បាន​គ្រឿងញៀន​ជាង ១៦​តោន និង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៧៨៤)។ ក្នុង​នោះ​មាន​ជនបរទេស​ជាង ២០០នាក់ (២៥៩) ឬ ៩​សញ្ជាតិ​។ បើយោងតាមរបាយការណ៍ពីអាជ្ញាធរ​ជំនាញ បាន​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​ការ​បង្ក្រាប​ជាង ៦​ពាន់​ករណី (៦.២៩០) រក​ឃើញ​មានការ​ជួញដូរ​ជាង ៣​ពាន់​ករណី (៣.០៩៧) ផលិត​រក្សាទុក​ជាង ១​ពាន់​ករណី (១.១០៤) និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាង ២​ពាន់​ករណី (២.០៤៥)​។ ដោយឡែក​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២៣ នេះ​វិញ ​អាជ្ញាធរ​រឹបអូស​បាន​គ្រឿង​ញៀន​ជិត ១​តោន។អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលស្គាល់ថា ការចុះបង្ក្រាបពីសំណាក់អាជ្ញាធរជំនាញនាពេលកន្លងមក នៅមានចន្លោះប្រហោងដែលបណ្តាលឱ្យឧកិ្រដ្ឋជនអាចនាំចូលសារធាតុគីមីផ្សំ ឬគ្រឿងញៀនចូលមកក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែនៅទន្ទឹមនឹងភាពខ្វះចន្លោះនេះអាជ្ញាធរជំនាញអះអាងថា នឹងពង្រឹងការអនុវត្តច្បាប់បន្ថែម ខណៈការបង្ក្រាប និងរឹបអូសគ្រឿងញៀននាពេលកន្លងមក គឺមានចំនួនច្រើន។ពាក់ព័ន្ធនឹងរឿងនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន​ ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនីនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែមិថុនាសម្តេចបានសង្កត់ធ្ងន់ថា ការបង្ក្រាបគ្រឿងញៀនបានច្រើនរបស់អាជ្ញាធរនាពេលកន្លងមក មិនមែនបង្ហាញពីសមត្ថភាពខ្លាំងឬគុណសម្បត្តិរបស់អាជ្ញាធរឡើយ ផ្ទុយទៅវិញសម្តេចហ៊ុន សែនយល់ថា គ្រឿងញៀនក្នុងប្រទេសមានចំនួនកើនឡើងទៅវិញទេ។ សម្រាប់សម្តេចហ៊ុន​ សែន ប្រសិនបើអាជ្ញាធរបង្ក្រាបបានតិច ទើបបញ្ជាក់ន័យថាចំនួនគ្រឿងញៀនក្នុងប្រទេសបានថយចុះ៕RFI
Powered by Blogger.