សម្ដេច​​ហ៊ុ​ន សែនប្រ​កាសប្រតិទិ​​ននៃការ​កោះ​ប្រជុំសភា

 សម្ដេចហ៊ុន សែន នាយករដ្ឋមនន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសជាសាធារណៈអំពីប្រតិទិននៃការកោះប្រជុំសភាជាលើកដំបូង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងការបង្កើតរាជរដ្ឋាភិបាលថ្មីស្បថចូលកាន់ដំណែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានថ្លែងថា៖ «រឿងនេះខ្ញុំអាចជម្រាបជាសាធារណៈថា ក្នុងករណីដែលការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ មិនមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយទេ ដំណើរការដោះស្រាយបញ្ហាដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរហូតទៅដល់ដំណាក់កាលនៃការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បកត្រឡប់មកវិញគឺការប្រកាសលទ្ធផលផ្លូវការនឹងបេក្ខជនជាប់ឆ្នោត។ តាមការគ្រោងទុក សភានឹងត្រូវកោះប្រជុំលើដំបូងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ក្រោមព្រះជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រ ល្ងាចថ្ងៃទី ២៨ សភាចូលស្បថកាន់ដំណែង ថ្ងៃទី ២៩ បង្កើតរាជរដ្ឋាភិបាលពេលព្រឹកពេលល្ងាចរាជរដ្ឋាភិបាល គឺស្បថចូលកាន់ដំណែងបានហើយ»។ សម្ដេចបញ្ជាក់ថានេះជាប្រតីទិន សម្រាប់ការបង្កើតរាជរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត នាពេលខាងមុខ ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាឈ្នះសម្ដេចមានភារកិច្ចនឹងរៀបចំបែបនេះ។ ប៉ុន្តែបើគណបក្សដទៃឈ្នះ នោះទុកឱ្យគេរៀបចំទៅ។ សម្ដេចលើកឡើងថា៖«នេះជាការគិតគូរទាក់ទិននឹងប្រតីទិននៃការងាររបស់យើងផងនិងទាក់ទិននឹងប្រតីទិនព្រះរាជកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រផង ដែលយើងស្នើទូលទៅព្រះអង្គ កោះប្រជុំសភាថ្ងៃណា ព្រោះព្រះអង្គត្រូវយាងចូលប្រជុំសភាផងរួចហើយត្រូវមានព្រះរាជវត្តមាននូវពេលស្បថចូលកាន់ដំណែងរបស់សភាផងបន្ទាប់ទៅព្រះអង្គត្រូវចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រី រហូតដល់តែងតាំងរាជរដ្ឋាភិបាលទាំងមូល និងមានព្រះរាជវត្តមាននៅពេលដែលសភានិងរាជរដ្ឋាភិបាលស្បថចូលកាន់ដំណែង»។ប្រមុខរាជរដ្ឋាភិបាលថ្លែងបន្តថាដូច្នេះនៅក្នុងកម្មវិធីនៃការកសាងសេចក្ដីព្រាងច្បាប់គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយនឹងតុលាការពាណិជ្ជកម្ម។ ព្រោះឥឡូវនេះ បញ្ហាកាន់តែធំ កាន់តែច្រើន យើងកំពុងតែអភិវឌ្ឍន៍ប្រទេសមួយ ដោយពង្រឹងនូវការជឿជាក់របស់ធុរកិច្ច សម្រាប់ការធ្វើវិនិយោគនៅកម្ពុជា។ ដូច្នេះ សម្ដេចស្នើថា គួរតែខិតខំជំរុញច្បាប់នេះឱ្យចេញនៅក្នុងនីតិកាលខាងមុខនូវច្បាប់ស្ដីអំពី តុលាការពាណិជ្ជកម្ម។ ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម"នេះដែរសម្ដេចក៏បានក្រើនរម្លឹកដល់ក្រសួងយុត្តិធម៌ថា   ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាលនៅក្នុងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ចាំបាច់ណាស់យើងត្រូវតែគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដែលពោរពេញទៅដោយអំពើជ្រុលនិយមហួសហេតុ ដែលបន្តវត្តមាននៅកម្ពុជា។ សម្ដេចថ្លែងបន្ថែមថា  ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឱ្យជាប់ហើយចំណុចនេះមិនត្រូវមើលស្រាលនោះទេ។សម្ដេចបានលើកជាឧទាហរណ៍ថា ហេតុអ្វីបានជានៅប្រទេសជិតខាងរបស់យើងនៅសុខៗទៅជាផ្ទុះអាវុធ ដែលឥឡូវនេះជនបង្កមួយចំនួនកំពុងតែរត់ចូលមកលាក់ខ្លួនក្នុងប្រទេសរបស់យើង។ ហេតុអ្វីបានជារុស្ស៊ីចាប់ផ្ដើមមានកម្លាំងប្រដាប់អាវុធបះបោរ។ នេះជាបញ្ហាមួយដែលគួរស្វែងយល់អំពីស្ថានភាពនៅរុស្ស៊ី ក្នុងប៉ន្មានថ្ងៃនេះ។ហេតុអ្វីប្រទេសមហាអំណាចមួយទៅជាមានកងទ័ពស៊ីឈ្នួលដែលឥឡូវកងទ័ពស៊ីឈ្នួលវាមិនមែនទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែនឯណា វាវ៉ៃបកចូលមកម៉ូស្គូ នេះជារឿងមួយដែលត្រូវគិត។ សម្ដេចថ្លែងសង្កត់ធ្ងន់ថា «ដូច្នេះនៅក្នុងការលៈទេសៈ ដើម្បីធានានូវស្ថេរភាពខាងនយោបាយសន្តិភាពរបស់ប្រទេស ការគ្របប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាតព្វកិច្ចចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើ»៕AKP


Powered by Blogger.