នាយករដ្ឋមន្ត្រីហ៊ុនសែនបង្ហើបសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដ៏ពុះកញ្ជ្រោល
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហើបឲ្យដឹងថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដែលចូលទៅដៃរដ្ឋសភារួចហើយ។
តាមប្រមុខរដ្ឋាភិបាលគឺការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ព្រោះសម្តេចធុញទ្រាន់នឹងការរារាំងរបស់ក្រុមបក្សប្រឆាំង ខណៈដែលសម្តេចបានអះអាងថាសម្តេចចង់បានបរិយាកាសបោះឆ្នោតមួយដែលគ្មានការរំខាន។ការបញ្ជាក់របស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះ គឺធ្វើឡើងនាពេលដែលលោកជួបជាមួយបណ្តាកម្មកររោងចក្រជាបន្ត នៅក្នុងខេត្តកំពង់ចាមនៅព្រឹកថ្ងៃសុក្រនេះ។ ដោយបន្តផ្តាំផ្ញើជាថ្មីទៅកាន់ក្រុមនយោបាយប្រឆាំងនៅក្រៅប្រទេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាគឺក្រុមប្រឆាំងនោះឯង ជាអ្នករុញឲ្យរដ្ឋាភិបាលដើរមកដល់ទីនេះ។ទីនេះដែលសម្តេចហ៊ុន សែន ចង់សំដៅដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលជាប្រធានបទកំពុងពុះកញ្ជ្រោល នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចូលមកដល់នៅថ្ងៃទី២៣កក្កដាខាងមុខ។សម្តេចថា ដោយសារតែក្រុមអ្នកនយោបាយប្រឆាំង បានបំផ្លាញមុន និយាយមុន ពីគោលបំណងនៃការពហិកាមិនទៅបោះឆ្នោត ឬគូសវាសសន្លឹកឆ្នោត ចោល ទើបរដ្ឋាភិបាលត្រូវទប់ស្កាត់។ តាមសម្តេច ហ៊ុន សែន នៅពេលដែលច្បាប់បោះឆ្នោតដែលធ្វើវិសោធនកម្ម ចូលជាធរមាន នោះក្រុមអ្នកនយោបាយនៅក្រៅប្រទេសអាចរួចខ្លួន ។ក៏ប៉ុន្តែសម្រាប់អ្នកនយោបាយនៅក្នុងស្រុកនឹងត្រូវប្រឈមការជាប់ពន្ធនាគារដូចបំណង។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថា ប្រសិនបើអ្នកនយោបាយចង់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៨ លុះតែអ្នកនោះបានបោះឆ្នោតចំនួន២លើក ដែលចាប់រាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣នេះ និងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧។ ហើយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ ក៏អ្នកនយោបាយត្រូវបំពេញលក្ខខណ្ឌ ដោយបោះឆ្នោតនាខាកក្កដាខាងមុខនេះដូចគ្នា។តាមការពន្យល់យ៉ាងដូច្នេះ ប្រមុខដឹកនាំរដ្ឋាភិបាលសម្តេចហ៊ុនសែនបានចោទជាសំណួរទៅកាន់ក្រុមអ្នកនយោបាយប្រឆាំងវិញថាតើអ្នកណាជាអ្នកខាតឲ្យពិតប្រាកដ។ ហើយសម្រាប់ស្ថានការណ៍ដែលរុញដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះក៏ព្រោះតែអណ្តាតរបស់ក្រុមអ្នកប្រឆាំងនោះឯង។នេះបើតាមសម្តេចហ៊ុន សែន។ទោះយ៉ាងណាក៏ដោយ ការធ្វើវិសោធនកម្មនេះ ក៏មិនបិទផ្លូវជានិរន្ត៍ដល់អ្នកនយោបាយប្រឆាំងដែរ។បើតាមសម្តេចហ៊ុន សែន ដើម្បីអាចស្តារនីតិសម្បទាឡើងវិញបាន គឺអ្នកនយោបាយទាំងនោះត្រូវតែទៅបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ នោះពួកគេនឹងអាចឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតជាថ្មី សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០៣២ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០៣៣។គួរកត់សម្គាល់ថាការរុញស្ថានការណ៍នយោបាយមុនការបោះឆ្នោត ឲ្យឈានដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតយ៉ាងតក់ក្រហល់បែបនេះ គឺដោយសារតែគណបក្សភ្លើងទៀនត្រូវបានហាមប្រាមមិនឲ្យចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខក្រោមហេតុផលខ្វះឯកសារដើម។ អ្នកនយោបាយនិងសកម្មជនប្រឆាំងទាំងក្នុងស្រុក និងនៅក្រៅប្រទេសបានបើកយុទ្ធនាការតាមបណ្តាញសង្គម ដោយអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតឬក៏ទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតចោល។បញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតគឺសម្តេចចង់បានការបោះឆ្នោតដែលគ្មានការរំខានពីអ្នកណាមួយ ហើយសម្រាប់មួយជំហាននេះសម្តេចហ៊ុន សែន ថា ជាការទះមួយកំផ្លៀងទៅក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសតែម្តង៕RFI
Post a Comment