គ.ជ.បសម្រេចបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាគ.ជ.បបានសម្រេចបោះពុម្ពសន្លឹកឆ្នោតចំនួនជាង១៣លានសន្លឹកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងធ្វើឡើងនៅចុងខែកក្កដាខាងមុខនេះ។
រូបភាពគជប |
ការប្រកាសនេះធ្វើឡើង នាអំឡុងពេលដែលក្បាលម៉ាស៊ីនរបស់គ.ជ.បបានទៅពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតដោយមានវត្តមានចូលរួមពីសំណាក់គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល។លោកហង្សពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ បន្ថែមថា សន្លឹកឆ្នោតជាង១៣លានសន្លឹកនេះមានការកើនឡើងប្រមាណ៦សែនសន្លឹក បើធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ នីតិកាលទី៦ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំង១២៥កៅអី។បើតាមលោក ហង្ស ពុទ្ធា សន្លឹកឆ្នោតទាំង១៣លានសន្លឹក នឹងត្រូវបែងចែកជា២ប្រភេទដោយសន្លឹកឆ្នោតជាង១១លានសន្លឹកនឹងត្រូវប្រើប្រាស់ផ្ទាល់នៅតាមការិយាល័យបោះឆ្នោត ខណៈដែលជាង១លានសន្លឹកផ្សេងទៀតនឹងត្រូវថែរក្សាទុកនៅតាមខេត្ត ក្នុងករណីដែលត្រូវការប្រើប្រាស់ជាចាំបាច់។ តាមអ្នកនាំពាក្យគ.ជ.ប រូបនេះ ដំណើរការបោះពុម្ពសន្លឹកឆ្នោតទាំងជាង១៣លានសន្លឹក នឹងត្រូវបញ្ចប់នៅថ្ងៃទី១៥កក្កដា ហើយបញ្ជូនទៅតាមខេត្តនៅថ្ងៃទី១៨។សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ខែកក្កដាខាងមុខនេះ លោក ហង្ស ពុទ្ធា គូសបញ្ជាក់ថា គ.ជ.ប បានយោងទាំងស្រុងទៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២២ ដែលមានចំនួនសរុបប្រមាណជាង៩លាននាក់។គួរបញ្ជាក់ថា នៅនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សទាំងនោះ។ ក្នុងនោះមានជាអាទិ៍ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ល។ដោយឡែកសម្រាប់វត្តមានគណបក្សភ្លើងទៀន ដែលគេយល់ថា ជាគណបក្សប្រឆាំង ត្រូវបានជ្រុះចេញពីការបោះឆ្នោតសម្រាប់លើកនេះ ដោយសារបញ្ហាកង្វះឯកសារ។ ការអវត្តមានគណបក្សប្រឆាំងមួយនេះ គឺមិនខុសពីការបោះឆ្នោតអាណត្តិទី៦ ដែលគ្រានោះ អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។អវត្តមានជាថ្មីរបស់គណបក្សប្រឆាំងបែបនេះ អ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា សន្លឹកឆ្នោតដែលបានបោះពុម្ពនោះនឹងត្រូវបានគូសចោលជាថ្មីពីសំណាក់ប្រជាពលរដ្ឋដែលមិនពេញចិត្ត។ ហើយចលនានេះ គឺប្រមុខដឹកនាំអតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងរុញស្ថានការណ៍ឲ្យពុះកញ្រ្ជោល ខណៈដែលប្រមុខដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏បានបោះមួយជំហានមុន ដោយត្រៀមវិសោធនកម្មច្បាប់បោះឆ្នោតដោយហាមមិនឲ្យក្រុមអ្នកនយោបាយក្នុងស្រុកទៅឈរឈ្នោះនៅក្នុងការបោះឆ្នោតក្រោយៗ ប្រសិនបើពួកគេមិនទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះ និងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដោយគូសសន្លឹកចោល៕RFI
Post a Comment