ប្រមុខដឹ​កនាំ​គ​ណប​ក្សកា​ន់អំណាច​ចាប់ផ្តើមប្រើប្រា​ស់​បណ្តាញ​សង្គមTik Tokមុនពេ​ល​យុទ្ធនាការ​ឃោ​ស​នា​បោះឆ្នោត​​មកដល់

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃពុធបានបើកទំព័របណ្តាញសង្គមថ្មីមួយទៀតគឺTikTokជាផ្លូវការសម្រាប់ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានរបស់សម្តេច។


ជាការកត់សម្គាល់ការចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមមួយផ្សេងរបស់ប្រមុខដឹកនាំគណបក្សកាន់អំណាចនេះធ្វើឡើងនៅមុនតែប៉ុន្មានដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១កក្កដា។ មិនទាន់ដល់មួយថ្ងៃបណ្តាញផ្សព្វផ្សាយសង្គម Tik Tok របស់សម្តេចហ៊ុន សែនបានទទួលអ្នកតាមដានចំនួនជាង១០៨០០នាក់ ខណៈដែលវីដេអូដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយ ភាគច្រើនជាសកម្មភាពដែលលោកជួបជាមួយកម្មករនិងជាជីវិតឯកជននៃក្រុមគ្រួសាររបស់សម្តេច។ជាបណ្តាញសង្គមដែលកំពុងទទួលការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរសម្តេចហ៊ុន សែន បានអះអាងថា ការចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Tik Tok នៅពេលនេះ គឺដើម្បីអាចឲ្យប្រជាពលរដ្ឋខ្មែរ។ជាពិសេសយុវជនដែលចូលចិត្តលេង Tik Tok  ទទួលបានព័ត៌មានផ្លូវការរបស់សម្តេចបានងាយស្រួល និងឆាប់រហ័ស។គួរចាប់អារម្មណ៍ថា ការចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Tik Tok របស់សម្តេចហ៊ុន សែន ពេលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១កក្កដា។ ការណ៍នេះ អ្នកតាមដានសង្គមយល់ថាការជ្រើសយកបណ្តាញសង្គម Tik Tok ជាយុទ្ធសាស្ត្រមួយទៀតដែលគណបក្សប្រជាជនកម្ពុជា ត្រៀមសម្រាប់ទាញយកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតខាងមុខ។លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម លើកឡើងថា នេះជាជម្រើសរបស់គណបក្សនីមួយសម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាឧបករណ៍ទាញរកសំឡេងគាំទ្រឲ្យមានប្រសិទ្ធភាព។ តែយ៉ាងណា សម្រាប់លោកបណ្ឌិត មាស នី យន្តការនេះក៏មិនឆ្លុះបញ្ចាំងទាំងស្រុង ដែលថា អាចឲ្យគណបក្សកាន់អំណាចអន្ទងចិត្តប្រជាពលរដ្ឋបានកម្រិតណា ប្រសិនបើយុត្តធម៌សង្គមនៅតែមិនអាចដោះស្រាយបាន។ លោកថា ប្រជាពលរដ្ឋខ្មែរក៏អាចនឹងមិនជឿចំពោះអ្វីដែលគណបក្សកាន់អំណាចបានឃោសនាដែរបើតថភាពសង្គមជាក់ស្តែងផ្ទុយពីអ្វីដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម តួយ៉ាងដូចជា Tik Tok។ភ្ជាប់ជាមួយគា្ននេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានងាកមកផ្សព្វផ្សាយព័ត៌មានលើបណ្តាញតេលេក្រាម ច្រើនជាងបណ្តាញហ្វេសប៊ុករបស់សម្តេច ដែលធ្លាប់មានការតាមដានយ៉ាងពេញនិយម។សម្តេចហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងផ្អាកប្រើប្រាស់បណ្តាញ Facebook មួយរយៈ ដើម្បីឲ្យពលរដ្ឋទទួលព័ត៌មានតាមបណ្តាញតេលេក្រាមដែលមានអ្នកតាមដានប្រមាណជាង៨៥ម៉ឺននាក់។ បើតាមសម្តេចហ៊ុន សែន ការធ្វើយ៉ាងនេះ គឺដើម្បីឲ្យពលរដ្ឋអាចទទួលព័ត៌មានបើទោះបីជាសម្តេចទៅដល់ប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ Facebook ក្តី។គួរកត់សម្គាល់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមស្ទើរតែគ្រប់ប្រព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចទទួលព័ត៌មានរបស់សម្តេច។ ក្នុងនោះសម្តេចមានគណនីហ្វេសប៊ុកដែលមានអ្នកតាមដានរហូតដល់១៤លាន ដែលស្ទើរតែស្មើនឹងចំនួនប្រជាជនខ្មែរសរុបទាំង១៧លាន ហើយក្រៅពីនេះ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏មានគណនីនៅលើបណ្តាញសង្គម Instagram Twitter និង Youtube។ អ្វីជាការកត់សម្គាល់ផងនោះការចាប់ផ្តើមសករាជប្រើប្រាស់បណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនគឺចាប់ផ្តើមឡើងក្រោយពេលដែលអតីតគណបក្សសង្រ្គោះជាតិបានទទួលបានគាំទ្រតាមបណ្តាញសង្គមនេះ កាលពីបោះឆ្នោតឆ្នាំ២០១៣ដែលគ្រានោះអតីតគណបក្សប្រឆាំងបានប្រើវិធីសាស្ត្របណ្តាញសង្គម ជាប្រព័ន្ធឃោសនាទាញរកការគាំទ្រ៕RFI



Powered by Blogger.