សម្ដេ​ច​​ហ៊ុន សែន៖កម្ពុជាបា​នប្រែក្លាយពីវាល​ពិ​ឃាត​ទៅជាទឹ​ក​ដីដ៏ស្រ​ស់បំព្រង​គឺគ​ណ​​បក្សប្រជា​ជ​នកម្ពុជា

សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃពីការបែកបាក់ជាតិនិងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ទៅជាទឹកដីដ៏ស្រស់បំព្រង ដែលប្រជាជនបានរស់នៅយ៉ាងសម្បូរសប្បាយសុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។នេះជាការផ្លាស់ប្ដូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបាននាំមកជូនប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានជនណាឬកម្លាំងណាអាចបដិសេធបានឡើយ។

រូបភាពតេឡេក្រាមសម្ដេចហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា។
សម្ដេចហ៊ុនសែនបានថ្លែងដូច្នេះក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្នីតិកាលទី៧ និងរម្លឹកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣ នៅខាងមុខសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់។ សម្ដេចលើកឡើងថា រយៈពេលជាង ៤៤ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករាជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទីឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។ សម្ដេចតេជោបន្តថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្ដេចជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្ដរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន។ កម្រិតជីវភាពប្រជាជនក៏កាន់តែបានប្រសើរឡើងជាលំដាប់។ សម្តេចតេជោអះអាងថា សមិទ្ធផលថ្មីៗ ច្រើន អនេករួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទនិងតំបន់ព្រំដែន។គ្មានមូលដ្ឋានណាដែលនៅឆ្ងាយដាច់ស្រយាលមិនអាចទៅដល់ និងគ្មានការអភិវឌ្ឍនោះឡើយ។ សម្ដេចលើកឡើងទៀតថាពេលត្រូវប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដឹកនាំការប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ប្រកបដោយជោគជ័យការពារបានអាយុជីវិតប្រជាជន រក្សាបានលំនឹងជីវភាពនិងលំនឹងសេដ្ឋកិច្ចនិងធ្វើឱ្យសេដ្ឋកិច្ចជាតិអាចងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងត្រឡប់មកស្ថិតលើគន្លងនៃកំណើនជាសក្ដានុពលវិញ។  សម្តេចបញ្ជាក់ថារាជរដ្ឋាភិបាលក៏បានដាក់ចេញនិងអនុវត្តន៍ដោយប្រសិទ្ធភាព នូវវិធានការគោលនយោបាយជាច្រើនដើម្បីលើកស្ទួយផលិតកម្ម បង្កើនការងារ និងមុខរបររបស់ប្រជាជន ពង្រឹងពង្រីកសេវាសាធារណៈ ពង្រឹងយុត្តិធម៌ សមធម៌ និងសុខដុមនីយកម្មសង្គម ព្រមទាំងលើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនក្រីក្រនិងងាយរងគ្រោះក្នុងស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ទន្ទឹមនឹងភាពរឹងមាំនៃកត្តាផ្ទៃក្នុងជាតិ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់នៅលើផ្ទៃរាបអន្តរជាតិ ជាពិសេស តាមរយៈជោគជ័យនៃការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ការរៀបចំអង្គរសង្ក្រាន្ដ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់និងស្មារតីមនុស្សធម៌ដ៏ធំធេងបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែលេចត្រដែតឡើង។ សម្ដេចគូសបញ្ជាក់ថា ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ជាសក្ខីភាពដែលបង្ហាញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្ដីសង្ឃឹមជឿជាក់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ព្រមជាមួយនោះក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធ យុវជន-នារី កម្មករ កសិករ ព្រះសង្ឃ បព្វជិតនៃសាសនានានាបញ្ញវន្ដវិនិយោគិននិងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ប្រកបដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម។សម្ដេចថ្លែងសង្កត់ធ្ងន់ថា សន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិដ៏ថ្លៃថ្លាបំផុត ដែលយើងសម្រេចបានមកដល់ពេលនេះដោយចាប់ផ្ដើមពីចំណុចសូន្យ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំងគណ-បក្សគ្រប់ថ្នាក់ យុទ្ធជន យុទ្ធនារី មន្រ្តី សមាជិក សមាជិកាគណបក្សនិងជនរួមជាតិយើងទាំងមូលក្នុងស្មារតីភាពជាម្ចាស់ដើម្បីជាតិ មាតុភូមិ និងជីវិតរស់នៅរបស់ខ្លួន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានឡើយ។យើងប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឡើង ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត៕AKP
Powered by Blogger.