ឆ្លងចរន្តអគ្គិសនី​ ឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌបឹងកេងកង និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស នគរបាលប្រើប្រាស់រថយន្ត១៤គ្រឿង ទើបរលត់

 


ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់សម្ភារៈមួយចំនួន ព្រមទាំងបានរាលដាលដល់ផ្ទះអ្នកក្បែរខាងខូចខាតសម្ភារៈប្រហែល ១០% ក្នុងនោះបណ្តាលឲ្យមនុស្ស ប្រុសម្នាក់បានរងរបួសស្រាល។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០១និង២៥នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ១២Eo ផ្លូវ៣១៨ ក្រុម១៩ ភូមិ០៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ ដោយសារតែទីតាំងឆាបឆេះ គឺនៅផ្នែកខាងមុខផ្ទះ ហើយពិបាកចូលទៅដល់ក្នុង ព្រោះស្ថានភាពខាងក្នុងផ្ទះឆេះខ្លាំង ដោយសារតែក្មុងផ្ទះមានសារធាតុងាយឆាបឆេះខ្លាំង ហើយពិបាកចូលទៅក្នុង ដើម្បីធ្វើការជួយសង្គ្រោះ។

ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចធ្វើការពាក់នៅបំពង់ខ្យល់អ៊ុកស៉ីនសែន ហៅកាត់ថា SCBAដើម្បីធ្វើការទៅជួយសង្គ្រោះមនុស្សដែលបានជាប់នៅក្នុងផ្ទះនោះយកចេញមកក្រៅ និងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរព្រះកុសុម: ហៅមន្ទីរពេទ្យលោកសង្ឃ។ ទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចជំនាញនៅតែបន្តយកចិត្តទុកដាក់ ក្នុងការអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

នៅប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់១៣ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះសម្ភារៈជាន់ផ្ទាល់ដីអស់មួយចំនួន រួមមាន ម៉ូតូចំនួន០២គ្រឿង រថយន្ត Toyota Vitz ចំនួន០១គ្រឿង (ខូចខាតប្រហែល ៥០%) សង់អំពីថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ១៦ម៉ែត្រ) នឹងឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងខូចខាតសម្ភារៈប្រហែល ១០%។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ០២និង២៥នាទីយប់រំលងអាធ្រាត ក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសស្រាល រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕






Powered by Blogger.