ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន

ភ្នំពេញ ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។ ទន្ទឹមនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃ បានធ្វើកន្លងទៅ។ ក្នុងនោះរួមមាន ៖ ការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។  

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជម្រាបថា ឯកឧត្ដម ត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លងទៅនេះ។ ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ចាត់ទុកថា ការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារសំខាន់សំរាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ានទាំងអស់ មានកម្ពុជាផងនោះ បានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្ដមបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ កន្លងទៅយ៉ាងជោគជ័យ។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានអបអរសាទរផងដែរ ចំពោះក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកក្នុងការអនុវត្តរាល់យន្តការផ្សេងៗរបស់អាស៊ាន ដែលក្រសួងមហាផ្ទៃ បានដឹកនាំក្នុងឆ្នាំ២០២២កន្លងទៅនេះ លើការងារពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ថ្លែងដោយភាពស្និទ្ធស្នាលថា នឹងបន្តផ្ដល់ការគាំទ្រកម្ពុជា ក៏ដូចបណ្ដាសមាជិកអាស៊ានដទៃទៀតដែរ ដោយធ្វើយ៉ាងណាឱ្យមានលទ្ធភាពអនុវត្តបានជោគជ័យនូវបណ្ដាយន្តការតំបន់អាស៊ាននានា ដែលប្រទេសនីមួយៗមានភារកិច្ចទទួលខុសត្រូវ។

ជាថ្មីម្ដងទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្តៃ បានថ្លែងគាំទ្រចំពោះតួនាទីរបស់ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ក្នុងការពង្រឹង និងលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន។ ចំពោះការងារសន្តិសុខ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកថាជាឆ្អឹងខ្នងដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះកម្ពុជា បាននិងកំពុងធ្វើយ៉ាងណាកសាងនូវភាពសុខដមរមនាក្នុងសង្គម។ លើសពីនេះកម្ពុជាបានដើរតួនាទី និងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួមថែរក្សាសន្តិសុខ សន្តិភាពក្នុងតំបន់ផងដែរ៕


















Powered by Blogger.