សម្តេចហ៊ុន​​ សែ​នចង់បា​នការ​វិនិ​យោគ​ឧ​ស្សាហ​កម្មកែ​ច្នៃវត្ថុ​ធា​​​តុ​ដើម​ដែ​ល​​មាន​ស្រាប់និ​​ងការ​វិនិយោ​​គបច្ចេកវិទ្យាជា​​​ន់ខ្ពស់​មកកា​ន់កម្ពុជា

ជាមួយនឹងការសម្ដែងនូវការរីករាយចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់រថយន្តដែលវាស្របនឹងការចង់បានរបស់កម្ពុជានោះ សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា គោល​នយោបាយឧស្សាហកម្មរបស់កម្ពុជាមានគោលដៅ២សំខាន់ គឺចង់បានការ​វិនិយោគ​ឧស្សា​ហកម្មកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ និងការវិនិយោគបច្ចេកវិទ្យាជាន់​ខ្ពស់មក​កាន់​កម្ពុជា។ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់និងទស្សនាពិព័រណ៍​សមិទ្ធ​ផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុព្រមទាំងសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​ចក្រផលិតសំបកកង់រថយន្តនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តព្រះ​សីហនុ។សម្ដេចហ៊ុន សែន បានថ្លែងអគុណចំពោះជំនួយទាំងឡាយហើយជា​ពិសេស​ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតកង់រថយន្ត ដែលវាស្របនិងការ​ចង់​បានរបស់កម្ពុជា។ សម្ដេចបានបញ្ជាក់ជូនអ្នកវិនិយោគចិនថាគោលនយោបាយ​ឧស្សាហកម្មរបស់កម្ពុជាមានគោលដៅ២សំខាន់គឺគោលដៅទី១ កែច្នៃផលិផល​ដែល​កម្ពុជាមានវត្ថុធាតុដើម។ដូច្នេះការវិនិយោគរោងចក្រកែច្នៃជាកង់ឡាន ក្នុងពេលដែល​កម្ពុជា​មានជ័រកៅស៊ូគឺត្រឹមត្រូវណាស់។ កម្ពុជាចង់បានឧស្សាហកម្មកែច្នៃវត្ថុធាតុដើម​ដែល​កម្ពុជាមានស្រាប់ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវអង្ករ និងទៅលើផលិតផល​ដទៃ​ទៀតដែលកម្ពុជាមានសក្ដានុពលដើម្បីបង្កើននូវតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ​និង​ប្រាក់​ចំណូល​របស់ប្រជាជនយើង។ឯគោលដៅទី២ ដែលកម្ពុជាចង់បានគឺការវិនិយោគ​បច្ចេក​វិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា។ សម្ដេចសង្ឃឹមថាឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា​ផ្ដល់នូវការគាំទ្រ និងទាក់ទាញនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ហើយពេល​នោះវា​នឹងចូលរួមបណ្ដុះបណ្ដាលបាននូវធនធានមនុស្សរបស់កម្ពុជា។

សម្ដេចនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថាសម្ដេចជាមួយនឹងរដ្ឋាភិបាលនៃ​សា​ធារណរដ្ឋប្រជាមានិតចិនជានិច្ចកាលរួមគ្នាធ្វើការថែទាំតំបន់សេដ្ឋកិច្ចពិសេសខេត្ត​ព្រះសីហនុពង្រឹងតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញ ដែលមាន​សក្ដានុពលនិងដោះស្រាយការងារធ្វើនិងដោះស្រាយផលិតផលសម្រាប់ការនាំចេញ​ទៅក្រៅប្រទេស រាប់ទាំងប្រទេសចិនខ្លួនឯងផងដែរ។បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មាន​រោងចក សហគ្រាស ចំនួន ១៧៥ ផលិតសម្ភារសំណង សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿង​បន្លាស់រថយន្ត សំបកកង់រថយន្ត ផលិតផលសូឡា សម្ភារពេទ្យ កាបូបនិងវ៉ាលី សម្លៀក​បំពាក់ ស្បែកជើង។ល។ ដែលជាក្រុមហ៊ុនមកពីប្រទេសចិន បារាំង អៀឡង់ដ៍ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ។ល។ ដែលមាន ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិកនៅ​ឆ្នាំ២០២២ និងផ្តល់ការងារជូនកម្មករនិយោជិតប្រមាណជិត៣ម៉ឺននាក់។ តំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុមានទំនាក់ទំនងល្អនិងផ្តល់ ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅ​មូល​ដ្ឋានដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់, ជួលផ្ទះលក់ដូរម្ហូបអាហារដឹកជញ្ជូន ។ល។ ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានាសកម្មភាពមនុស្សធម៌ជាមួយសហគមន៍​មូល​ដ្ឋាននៅក្នុងតំបន់ផងដែរ។លោកបានបន្ដទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លា​របស់សាធារណរដ្ឋ​ប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បាន​បង្កើត​វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញនិងអ្នកគ្រប់គ្រងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅ​ទូទាំងប្រទេសកម្ពុជា។លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថាចំពោះពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រ​ផលិត​សំបកកង់ រថយន្ត ជេនវ៉ល ថាយអីរ ថេកណឡជី (ខេមបូឌា) ដែលមានលោក តួ ឆាយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង  ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លាន ដុល្លារ​អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៅកម្ពុជា។ រោងចក្រនេះ ជាប្រភេទរោងចក្រដែល​ប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្ម​កម្ពុជា​ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ​ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើក​កម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។ រោងចក្រនេះអាចផលិតសំបកកង់រថយន្ត​គ្រប់​ប្រភេទជិត ១,៣លានសំបកកង់ ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់ កម្មករ និយោជិតប្រមាណ ១ ១៥០ នាក់៕AKP


Powered by Blogger.