សម្ដេចហ៊ុន​​ សែ​​ន៖ភ័យខ្លាចបំ​ផុត​​គឺការទ​ទួ​លវប្បធម៌យក​ដោយ​កា​រស្ម័គ្រចិត្ត

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមាន​ប្រ​សាស​ន៍​អះអាងថា ភាពក្លាយនិងការឈ្លានពានខាងវប្បធម៌មិនអាចនឹងកើតនោះទេ ។ប៉ុន្តែ​អ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត។ ដូច្នេះត្រូវប្រុងប្រយ័ត្នលើការ​ប្រើប្រាស់ទម្រង់សិល្បៈនានា ឱ្យត្រូវតាមទម្រង់ខ្មែរកុំឱ្យខ្មែរជំនាន់ក្រោយយល់ច្រឡំឬយល់​ខុស។ 

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងខណៈអញ្ជើញ​ជាអធិបតីកាត់ខ្សែបូសម្ពោធអគារថ្មីនិងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកល​វិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈចំនួន៨៨៨នាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុង​សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ​សហ​ការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើការបណ្ដុះបណ្ដាលផ្នែក​មរតក​ដូនតាដល់យុវជនក្រីក្រដែលរាជដ្ឋាភិបាលបានផ្ដល់ឱ្យក្នុងចំនួន ២ភាគរយទៅ៤ភាគរយក្នុងចំណោមយុវជនប្រមាណ១លាន៥សែននាក់នាពេលខាងមុខ។ សម្ដេចលើក​ឡើង​ថាព្រោះបញ្ហានេះ ត្រូវប្រុងប្រយ័ត្ន ក្រែងថ្ងៃក្រោយនោះ ក្មេងដែលទទួលតំណរ​ពី​យើងវាអនុវត្តន៍មិនត្រូវតាមក្បួនខ្នាត។ សម្ដេចបានស្នើឱ្យមានការប្រុងប្រយ័ត្នជា​ពិសេសការកសាងបដិមា ឬរូបចម្លាក់ផ្សេងៗបើធ្វើមិនត្រូវតាមក្បួនខ្នាតទេ ថ្ងៃក្រោយ​មិនដឹងទៅជាអ្វីនោះទេ។សម្ដេចលើកឡើងជាឧទាហរណ៍ថា យើងទទួលមរតកពីមុនមកដូចជាព្រះបាទជ័យវរ្ម័ន ព្រះបាតយ៉ាងម៉េច ព្រះកេសយ៉ាងម៉េច រូបចម្លាក់អប្សរាឬសម្លៀកបំពាក់​ជំនាន់ណាយ៉ាងម៉េច យើងស្គាល់ទម្រង់ហ្នឹងហើយយើងបានដឹង។ សម្ដេចគូស​បញ្ជាក់ថា ប៉ុន្តែឥឡូវនេះ នាំគ្នាអ្វីក៏ខ្មែរៗ។ក៏ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយ​ថ្ងៃ​ក្រោយវាក្លាយទៅជាខ្មែរដែរនោះ។ដូច្នេះត្រូវស្គាល់ថាតើអ្វីជារបស់ខ្មែរនៅជំនាន់ណា ព្រោះវា​មាន​សម័យរបស់វា។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ភាពក្លាយនិងការ​ឈ្លានពានខាងវប្បធម៌ខ្ញុំមិនជឿនោះទេព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែល​ភ័យ​ខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត នេះគឺជារឿងដែលត្រូវប្រុងប្រយ័ត្ន»។សម្ដេចហ៊ុនសែនលើកឡើងជាឧទាហរណ៍បន្ដទៀតថាបារាំងមកត្រួតត្រាយើងជាង​៩០ឆ្នាំសួរថាតើបារាំងអាចកែយើងបានទេព្រោះយើងអត់ទទួលវប្បធម៌​បារាំង។ម្យ៉ាង​ទៀតវត្តអារាមរបស់យើងក៏មានទីកន្លែងដែលយើងរក្សាទុកវប្បធម៌អក្សរសាស្ត្រក្នុងពេលដែលបារាំងដើរត្រួតត្រាប្រទេសដទៃហើយយកភាសាបារាំងទៅប្រើ។ ឯកម្ពុជាបារាំង​អត់​មានលទ្ធភាពដើម្បីនឹងកែនូវវប្បធម៌ខ្មែរទេ នៅពេលដែលខ្មែរនៅតែបន្តរក្សាទុក​នៅតាមវត្ត​អារាម ដែលយើងក៏គួរតែដឹងគុណបារាំងដែរ។ដែលបានរក្សា ដូចជា ក្បួនច្បាប់​ល្បើក​របស់ក្រមង៉ុយជាដើម។ល។ សម្ដេចថ្លែងបន្តថា លើសពីនេះ សំណង់យើងមួយ​ចំនួន​ដែលបន្សល់ទុកតាំងពី១០០ឆ្នាំ ឬមុន១០០ឆ្នាំ កំពុងតែរុះរើចោល ដូចជា កុដិលោក ឬសំណង់នានា ។ល។ ដោយបង្កើតចេញជាសំណង់ថ្មី ដែលខុសពីទ្រង់ពីមុន។ជាងនេះ​ទៀត សម្លៀកបំពាក់ ក៏ត្រូវកំណត់ឱ្យបានច្បាស់អំពីដំណាក់កាលរបស់វា ថាតើវាកើត​នៅ​ដំណាក់កាលអង្គរដំណាក់កាលលង្វែក ឬដំណាក់កាលចតុម្មុខ។ជាមួយគ្នានេះរបាំ​សួយ​របស់បងប្អូនជនជាតិភាគតិច បើយើងធ្វើមិនទាន់ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេ របាំសួយអាចដាច់ពូជតែម្ដងគឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះទេ។ដូច្នេះការ​ដែលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បាន​ផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុង​ចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្ដេចនាយករដ្ឋមន្ត្រី​ថ្លែង​សង្កត់ធ្ងន់ថាដូច្នេះបញ្ហាដែលត្រូវប្រុងប្រយ័ត្ន ដែលសម្ដេចសូមអង្វករ ធ្វើយ៉ាងម៉េច ឧទាហរណ៍ ការកសាងនូវរូបបដិមា ឬចម្លាក់ផ្សេងៗទៀត។ល។ ត្រូវធ្វើឱ្យត្រូវតាមទម្រង់ និងត្រូវតាមខ្នាតរបស់វា ដើម្បីឱ្យមនុស្សជំនាន់ក្រោយស្គាល់នូវ ចម្លាក់ វប្បធម៌របស់ខ្លួន។លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រោយ​ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សាលាវិចិត្រសិល្បៈបានបើកទ្វារជាផ្លូវការក្នុងកម្រិត​មធម្យ​សិក្សា និងមានឈ្មោះថា សាលាវិចិត្រសិល្បៈ ដែលមានបង្រៀនជំនាញ តូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូន្យរូប។ អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៨៨ បាន​បង្កើត​ជា​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកចេញជា៥មហា​វិទ្យា​ល័យគឺមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយកម្មមហា​វិទ្យា​ល័យសិល្បៈសូន្យរូបមហាវិទ្យាល័យដូតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លោកស្រីរដ្ឋមន្រ្ដីបានបន្ដថា ក្នុងខែឧសភា ឆ្នាំ២០២០ សាកលវិទ្យា​ល័យភូមិន្ទ​វិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ហើយក៏បានបង្កើតអង្គភាព​ក្រោម​ឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទី ស្រាវ​ជ្រាវចងក្រង បោះពុម្ភ និងផ្សព្វផ្សាយអំពីសិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់​រាន​មានជីវិតជាលើកទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្ដុះបណ្ដាល​ធនធានមនុស្ស សរុបបានចំនួន ៤៥១៦នាក់ ក្នុងនោះ នារីមាន ១ ៤០៩ នាក់ លើមុខ​ជំនាញ​ទាំង៥របស់ខ្លួន។ ធនធានមនុស្សទាំងនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាម​ស្ថាប័ន​ជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅ​ឯបរទេស៕AKP

Powered by Blogger.