សំណុំរឿងលោ​​កថាច់ សេដ្ឋាត្រូវបា​នលើក​ពេល

 តុលាការកំពូល​នៅព្រឹកថ្ងៃចន្ទនេះបានបើកសវនាការលើ​សំណុំរឿងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅក្រោម​បទ​ចោទ​«ញុះញង់​បង្ក​ឲ្យមានភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គមនិង​បទ​ញុះ​ញង់​​ឲ្យមានការរើសអើង»។


លោកថាច់ សេដ្ឋាអនុប្រធានគណបក្សភ្លើងទៀន។រូបភាពឯកសារអ៊ីនធឺណិត

បើតាម​មេធាវីការពារក្តី​ក្រោយ​បិទ​សវនាការ​នៅព្រឹកនេះគឺប្រធានអង្គជំនុំជម្រៈ​សម្រេច​លើកពេល​ប្រកាស​សាលដីកាទៅថ្ងៃទី១៩មិថុនាខាងមុខ។ មេធាវីការពារក្តីឲ្យលោក ថាច់ សេដ្ឋា គឺលោក ជួង ជូងី សុំមិនបញ្ចេញមតិ​យល់ឃើញអ្វីច្រើន​ឡើយ​លើ​ការ​បើក​សវនាការ​នៅថ្ងៃនេះ ដោយគ្រាន់តែ​បញ្ជាក់ថា លទ្ធផល​យ៉ាង​គឺរងចាំដល់​ថ្ងៃទី១៩មិថុនា។អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានចាប់​ខ្លួនកាលពីថ្ងទី១៦មករា២០២៣ពីបទ «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»ឬចេញឆែកមិនមានទឹកប្រាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ ។ តុលាការកំពូលបាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោកថាច់ សេដ្ឋា បើទោះជា​មានការ​បង់​ប្រាក់​តម្កល់ប្រាក់៣ម៉ឺនដុល្លារ​ដើម្បី​ធានា​នៅក្រៅឃុំ​ក៏ដោយ។ប៉ុន្តែក្រោយមក លោក​ ថាច់ សេដ្ឋា ​ត្រូវ​បាន​តុលាការ​កំពូល​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​បន្ថែម​ទៀត​ ពី​បទ​ញុះញង់​ អំឡុង​ពេល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចេញ​ទៅ​ប្រទេស​កូរ៉េ។​ ការណ៍​នេះ​ គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា ​ជា​ការ​ចោទ​ប្រកាន់​តាម​បែប​នយោបាយ​ ជា​ជាង​តាម​ប្រព័ន្ធ​ផ្លូវ​ច្បាប់។​សូមរំលឹកថា ក្រៅពីលោក ថាច់ សេដ្ឋា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត បានបាត់បង់ដីធ្លី ក្រោយរងបណ្តឹងគណបក្សប្រជាជន ហើយលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្ស ក៏បានរងនូវបណ្តឹងតុលាការដែរ។ ទីបំផុតដីនិងផ្ទះរដ្ឋ ដែលលោកធ្លាប់រស់នៅអស់ពេល៤ទសវត្សរ៍ ត្រូវលោកប្រគល់ឲ្យក្រសួងការបរទេសវិញ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចប់ការប្តឹងបន្តទៀត។​មកដល់ពេល​អ្វីដែលបានកើតឡើងទៅលើគណបក្សប្រឆាំងធំជាងគេនេះ គឺគណបក្សនេះ​មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​រួមបោះឆ្នោតនៅ​ថ្ងៃ២៣កក្កដា​ឡើយ​ ក្រោម​ហេតុផល​មិនបានបំពេញ​លក្ខខណ្ឌ​តម្រូវ​របស់គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត៕RFI

Powered by Blogger.