សម្តេ​​ច​ហ៊ុន សែ​ន​​បញ្ជាក់​​ថាកម្ពុជា​កំពុងត្រៀមចា​​​កចេ​ញ​ពីក្រីក្រ​ទៅ​ជាប្រទេស​​ដែ​លមា​នចំណូ​ល​​មធ្យមកម្រិត​ខ្ពស់​​​​២០​២៧

សម្តេចហ៊ុន សែន​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅជាប្រទេសដែលមាន​ចំណូល​​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ការលើកឡើងរបស់សម្ដេចហ៊ុនសែន​បែ​បនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យា​ល័យ​ភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌល​សន្និ​បាត​កោះពេជ្រ រាជធានីភ្នំពេញ។សម្តេចហ៊ុន សែនបានគូសបញ្ជាក់ថាកម្ពុជាកំពុងត្រៀមចាកចេញ​ពី​ប្រ​ទេស​ដែលក្រីក្រតិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ​ឆ្នាំ​២០២៧។សម្តេចនាយករដ្ឋមន្រ្ដីបានអះអាងថា៖«ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាត។ប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថាកម្ពុជានឹងចាកចេញពីប្រទេស​អភិវឌ្ឍន៍​តិចតួចនៅក្នុងឆ្នាំ២០២៧យ៉ាងយូរ។ ហើយយើងនឹងដើរដល់គោលដៅនៃការ​បង្កើន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ដូចដែលអ្វីដែលយើងបានដាក់​ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ សម្តេចបានលើកឡើងថាកំណើនសេដ្ឋកិច្ចដែលកម្ពុជាមានសព្វ​ថ្ងៃនេះ​នឹង​ជំរុញឱ្យយើងដើរដល់គោលដៅនេះហើយដែលនេះវាមិនមែនចំណុះទៅលើការខិតខំ​ម្នាក់​ឯងរបស់រាជរដ្ឋាភិបាលទេគឺជាការខិតខំរបស់តួអង្គទាំងអស់។​ សម្ដេចក៏បាន​ថ្លែង​បញ្ជាក់ថាក្នុងនោះក៏មានចំណែកទាក់ទងការរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព​នយោ​បាយបើគ្មានស្ថិរភាពនយោបាយនិងសន្ដិភាពនោះទេគឺកុំនិយាយដល់ការអភិវឌ្ឍ។ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋ​មន្ត្រី​ក៏បានលើកឡើងអំពីគ្រឹះស្ថាន​ឧត្តម​សិក្សារដ្ឋចំនួន៣ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការសិក្សាអប់រំនៅ​កម្ពុជា។ជាពិសេសគឺបានទាក់ទាញដល់និស្សិតបរទេសមកសិក្សានៅសាកលវិទ្យាល័យ​ទាំង៣​នេះ។ សម្ដេចបានបន្ថែមថា សម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំង៣នេះ រួមមាន​សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង៕AKP

Powered by Blogger.