កម្ពុជា៖អាស៊ា​នមិ​នទាន់សម្រេច​លើ​គម្រោងសម​យុទ្ធនៅ​សមុទ្រចិន​​ខាងត្បូង

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី ឧត្តមនាវីឯក Yudo Margono ។ រូបថត៖ CNN

នេះជាសេចក្តីថ្លែងការណ៍របស់កងទ័ពកម្ពុជាកាលពីថ្ងៃទី៨ខែមិថុនា បន្ទាប់ពីបណ្ដាញព័ត៌មានឥណ្ឌូនេស៊ីផ្សាយថាតំណាងកងទ័ព​ប្រទេសទាំង១០របស់អាស៊ានរួមជាមួយ​ទីម័រខាងកើត បានសម្រេចថា​នឹង​ធ្វើសមយុទ្ធយោធារួមគ្នានៅខែកញ្ញា​នៅសមុទ្រចិនខាងត្បូង។បន្ទាប់ពីកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេនបានលើកឡើងអំពីគោលគំនិត ធ្វើសមយុទ្ធយោធារួមនៅសមុទ្រចិនខាងត្បូងហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង៩ប្រទេស។ប៉ុន្តែអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ជាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតបទេ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៨​ ខែមិថុនា។គំនិតដដែលនេះក៏ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងអគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី និងអគ្គមេបញ្ជាការយោធាកម្ពុជា។ ជាការឆ្លើយតបភាគីកម្ពុជាបានលើកឡើងពីរចំណុច គឺទី១៖ នៅពេលទទួលបានលិខិតអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី កម្ពុជានឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ។ ទី២៖ ក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា។យោងតាមការចុះផ្សាយ របស់បណ្ដាញព័ត៌មាន Antara លោក​អគ្គមេបញ្ជាការកងទ័ពជើងទឹក​​ឥណ្ឌូណេស៊ី ​Yudo Margono បានឲ្យដឹងថា បន្ទាប់ពីបាន​ជួបប្រជុំគ្នានៅបាលី​ តំណាងកងទ័ព​ប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ​ទីម័រខាងកើត បានសម្រេចថា​នឹង​ធ្វើសមយុទ្ធយោធារួមគ្នា នៅខែកញ្ញា​។ សមយុទ្ធនេះ​ នឹងប្រព្រឹត្តិធ្វើទៅ នៅ​តំបន់សមុទ្រ Natuna ដែនទឹករបស់​ឥណ្ឌូណេស៊ី។ លោកអគ្គមេបញ្ជាការ​​ឥណ្ឌូណេស៊ី បាន​បញ្ជាក់បន្ថែមថា សមយុទ្ធនេះ មិនមែនជាការហាត់សមប្រយុទ្ធអ្វីទេ តែជា​ការហាត់​សមក្នុងការយាមល្បាតការពារសន្តិសុខក្នុងសមុទ្រ និង​ហាត់សម​ក្នុងការជួយ​សង្គ្រោះ​តាមផ្លូវសមុទ្រ។លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព(CICP) បានថ្លែងថា គម្រោងនៃការធ្វើសមយុទ្ធរបស់អាស៊ានលើកទី១ ក្នុងបរិបទ ដែលសមុទ្រចិនខាងត្បូងមានភាពតានតឹងស្រាប់ហើយនោះ អាចនឹងជំរុញឲ្យស្ថានការណ៍កាន់តែក្តៅថែមទៀត ប្រសិនបើមានការធ្វើសមយុទ្ធមែន។ លោកបន្តថាសមយុទ្ធនេះ នឹងធ្វើឲ្យចិនមិនសូវសប្បាយចិត្ត ហើយនឹងធ្វើឲ្យទំនាក់ទំនងអាស៊ាន និងចិនមិនសូវល្អព្រោះចិនតែងតែអះអាងពីអធិបតេយ្យភាពរបស់ខ្លួននៅតំបន់នោះ​ ។លោកបញ្ជាក់ថា បើក្នុងផលប្រយោជន៍អាស៊ានវិញ ការធ្វើសមយុទ្ធគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងចំណោមសមាជិកអាស៊ាននិងជាការពង្រឹងមជ្ឈភាពរបស់អាស៊ានលើផ្នែកសន្តិសុខក្នុងតំបន់។លោកលើកឡើងថា បើកម្ពុជាបង្ហាញជំហរមិនចូលរួម នោះគឺជាផ្នែកមួយ ដែលបង្ហាញពីនិន្នាការកម្ពុជាផ្អៀងទៅរកចិន ប៉ុន្តែគោលជំហរនេះ ស្ថិតនៅក្នុងការពិចារណានៅឡើយសម្រាប់សមាជិកអាស៊ាន ខណៈមិនទាន់មានការឯកភាពជាឯកច្ឆន្ទណាមួយនៅឡើយ៕RFI

Powered by Blogger.