នាយករដ្ឋមន្រ្ដីហ៊ុន សែន៖ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតគឺរឹតបន្តឹងសកម្មភាពបំផ្លាញសិទ្ធិនិងការទទួលខុសត្រូវមន្ត្រីនយោបាយ
សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីការបោះឆ្នោតគឺដើម្បីរឹតបន្តឹងជាមួយនឹងសកម្មភាពបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋនិងពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ ហើយដែលកន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រតិកម្មទៅលើយុទ្ធនាការដែលថា«ខ្ញុំមិនទៅបោះឆ្នោត ដោយសារគ្មានឈ្មោះគណបក្សដែលខ្ញុំពេញចិត្ត»។
ក្នុងឱកាសអញ្ជើញចូលរួមសម្រាប់ថ្ងៃទី២នៃការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចហ៊ុន សែន បានបង្ហាញនូវពង្រាងដែលត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅចំណុចអ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតដែលក្នុងនោះបានចែងថា បានអនុវត្តន៍នូវសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកលចំនួន២ដង លើកចុងក្រោយជាប់គ្នា ដោយរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកលែងតែករណីដែលមិនអាចអនុវត្តន៍នូវសិទ្ធិបោះឆ្នោត ដោយមានមូលហេតុសមស្រប។សម្ដេចបានបង្ហាញជាបណ្ដោះអាសន្ន នូវពង្រាងច្បាប់ជាការផាកពិន័យផងដែរចំពោះមាត្រាទី១៤២ថ្មី ដែលបានចែងថាត្រូវផាកជាប្រាក់ពិន័យចំនួន៥លានរៀល ទៅ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិតរារាំងឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោតឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ ទន្ទឹមនេះ បង្កការអុកឡុកឬរារាំងសកម្មភាពជាប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការជម្រះបញ្ជី និងចុះឈ្មោះបោះឆ្នោត។រផ្ដល់ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពានអំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។ រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយ មិនឱ្យឃោសនាបោះឆ្នោត តាមការកំណត់ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្រចនៃការបោះឆ្នោត ធ្វើឱ្យមានការភ័ន្តច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ បង្កការរំខានកុំឱ្យដំណើរការបោះឆ្នោតបានបង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបានធ្វើឱ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោតទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស។ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួនឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាម៉ីខ្លួនសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ថែមលើកឋាខណ្ឌដែលបានចែងក្នុងកឋាខណ្ឌ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងកឋាខណ្ឌទី១ខាងលើ។សម្ដេចក៏ថ្លែងឱ្យដឹងទៀតថា ចំពោះមាត្រា១៤៣ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពីន័យជាប្រាក់ពី១០លានរៀល ទៅ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌដទៃទៀត ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើស ដូចមានចែងក្នុងមាត្រា ១៤២ថ្មីខាងលើ៕AKP
Post a Comment