Xi៖ចិនមិ​​​នស្វែងរក​​ការប្រជែ​ងជាមួយ​អាមេ​រិកទេ

  ប្រធានាធិបតីចិន លោក Xi Jinping បានបញ្ជាក់ថាទីក្រុងប៉េកាំង "មិនស្វែងរកការប្រជែងឬជំនួស"ទីក្រុងវ៉ាស៊ីនតោននៅពេលទទួលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។

ប្រធានាធិបតីចិនលោកXiJinpingក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntonyBlinkenនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៩ខែមិថុនា។ រូបថត៖AFP
Xinhuaបានរាយការណ៍ថា "អន្តរកម្មរវាងរដ្ឋនិងរដ្ឋគួរតែផ្អែកលើភាពស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមក" ប្រធានាធិបតីចិន Xi Jinping បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntony Blinken ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃនេះនៅទីក្រុងប៉េកាំង។ "ខ្ញុំសង្ឃឹមថារដ្ឋមន្ត្រី Blinken តាមរយៈដំណើរទស្សនកិច្ចនេះ អាចរួមចំណែកជាវិជ្ជមានក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព"។កិច្ចប្រជុំនេះបានធ្វើឡើងនៅម៉ោងប្រហែល១៦៖៣០នាទី (១៥:៣០ នាទីម៉ោងនៅទីក្រុងភ្នំពេញ) នៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង។ លោក Blinken កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសចិន ខណៈដែលទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២បានក្លាយទៅជាភាពតានតឹងដោយសារតែបញ្ហាដូចជាតៃវ៉ាន់ ពាណិជ្ជកម្មនិងការខ្វែងគំនិតគ្នាផ្សេងទៀត។យោងតាមលោកប្រធានាធិបតី Xi ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់ខ្លួន ហើយភាគីទាំង២បានយល់ព្រមអនុវត្តតាមការយោគយល់គ្នាដែលលោក និងប្រធានាធិបតីអាមេរិក Joe Biden បានឈានដល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីខែ ១១ /២០២២។លោកXiបាននិយាយថា"ប្រទេសចិនគោរពផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយមិនស្វែងរកការប្រជែងឬជំនួសសហរដ្ឋអាមេរិកនោះទេ" លោក Xi បានបន្ថែមថាប្រទេសទាំង២ក៏បានធ្វើឱ្យមានភាពរីកចម្រើន និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់មួយចំនួនផងដែរ។នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេស Blinken បាននិយាយថាលោកបានលើកឡើងពីបញ្ហាចម្រូងចម្រាសជាច្រើន រួមទាំងស្ថានភាពនៅតៃវ៉ាន់ផងដែរ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មិនទាន់បានជំរុញឱ្យមានទំនាក់ទំនងទៀងទាត់រវាងយោធានៃប្រទេសទាំង២នៅឡើយទេ។ប៉ុន្តែ Blinken បាននិយាយថា មន្ត្រីជាន់ខ្ពស់អាមេរិកបន្ថែមទៀតអាចធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។លោក Blinken បាននិយាយថា "ភាគីទាំង២មានកាតព្វកិច្ចនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងទ្វេភាគីហើយយើងប្តេជ្ញាចិត្តដើម្បីធ្វើដូច្នេះ"។មន្ត្រីអាមេរិករូបនេះបានបន្ថែមថាថ្មីៗនេះចិនបានសន្យាម្តងហើយម្តងទៀតថានឹងមិនផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនឡើយ។"ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកគឺថាក្រុមហ៊ុនចិនអាចនឹងផ្តល់បច្ចេកវិទ្យាសម្រាប់យុទ្ធនាការរុស្ស៊ី។ យើងបានស្នើសុំឱ្យរដ្ឋាភិបាលចិនបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនប្រឆាំងនឹងបញ្ហានេះ"។លោកBlinkenគឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ច និងជួបជាមួយមេដឹកនាំចិនចាប់តាំងពីលោក Mike Pompeo បានមកដល់ទីក្រុងប៉េកាំងក្នុងខែតុលា ឆ្នាំ ២០១៨។ រដ្ឋមន្ត្រីការបរទេស Blinken ធ្លាប់បានជួបជាមួយសមភាគីចិន Qin Gang និងជាប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស Wang Yi ។លោកWangបាននិយាយថាការយល់ខុសរបស់អាមេរិកបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺន ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនជ្រើសរើស "កិច្ចសហប្រតិបត្តិការឬជម្លោះការសន្ទនាឬការប្រឈមមុខដាក់គ្នា"។ លោកបាននិយាយថាប្រទេសចិននិងសហរដ្ឋអាមេរិកចាំបាច់ត្រូវផ្លាស់ប្តូរទំនោរធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគីសម្របសម្រួលដើម្បីស្វែងរកទិសដៅត្រឹមត្រូវសម្រាប់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះសម្រុងគ្នា និងចេញការព្រមានទាក់ទងនឹងបញ្ហាតៃវ៉ាន់។ការអត្ថាធិប្បាយលើកិច្ចប្រជុំរបស់លោក Blinken ជាមួយលោក Wang Yi នៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ភាគីទាំង២មានការដោះដូរដោយស្មោះត្រង់ និងមានប្រសិទ្ធភាព។ លោក Miller បាននិយាយថា Blinken "បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនប្រកបដោយទំនួលខុសត្រូវតាមរយៈបណ្តាញទំនាក់ទំនងបើកចំហ ដើម្បីធានាថាការប្រកួតប្រជែងមិនក្លាយជាជម្លោះ" ។រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​មុន​ពេល​ចាកចេញ​ពី​ប្រទេស​ចិន​ក្នុង​ថ្ងៃ​តែមួយ៕ប្រភពReuters, AFP


Powered by Blogger.