ចំនួន​​សត្វរំពេ​រទន្លេនៅកម្ពុជាកំ​ពុង​ស្ថិតក្នុងស្ថាន​ភា​ពល្អប្រសើរ

 របាយការណ៍អង្កេតចុងក្រោយរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF)បានបង្ហាញថាចំនួនសត្វរំពេរទន្លេមេគង្គស្ថិតក្នុងស្ថានភាពល្អប្រសើរក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។របាយការណ៍បានអោយដឹងទៀតថាចំនួនសរុបនៃសត្វរំពេរទន្លេដែលបានកត់ត្រារហូតមកដល់ពេលនេះមានចំនួន៧៤ក្បាល រួមទាំងការញាស់ថ្មីចំនួន៣ក្បាល ដែលជាការកើនឡើង១៣០ ភាគរយបើប្រៀបធៀបទៅនឹងចំនួនសត្វរំពេរទន្លេចំនួន៣១ក្បាលកាលពី៧ឆ្នាំមុន។ការចុះកត់ត្រាចំនួនសត្វរំពេរទន្លេត្រូវបានដឹកនាំដោយក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF ចាប់ផ្តើមពីចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំនេះដោយបានរកឃើញសំបុកសត្វរំពេរទន្លេមេគង្គចំនួន ៣១ សំបុកក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។ស្ថានភាពល្អប្រសើររបស់សត្វស្លាបរំពេរទន្លេបង្ហាញពីក្តីសង្ឃឹម បន្ទាប់ពីចំនួនសត្វនេះបានធ្លាក់ចុះ ៨០ ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយសារតែការគំរាមកំហែងដែលបង្កឡើងដោយមនុស្ស។

វា​ជា​សញ្ញា​វិជ្ជមាន​​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ថែមទាំង​ពិភពលោក​ផងដែរ ដោយសារ​សត្វ​រំពេរទន្លេ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់អង្គការអន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN) និង​ត្រូវបាន​ចាត់ទុកថា​ជា​សត្វ​ស្លាប​កម្រ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​។និន្នាការវិជ្ជមានរបស់សត្វរំពេរទន្លេនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាមានការចូលរួមយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋសហគមន៍ក្នុងសកម្មភាពអភិរក្ស។ការអភិរក្សនេះត្រូវបានដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF តាមរយៈកម្មវិធីការពារសំបុកសត្វស្លាបតាមសហគមន៍ដែលគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសបែលហ្សិក អង្គការ WWF Belgium និងកម្មវិធីធន់នឹងអាកាសធាតុដោយធម្មជាតិ (CRxN) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងអង្គការ WWF-Australia ៕AKP/Khmer Times


Powered by Blogger.