ប្រមុខរដ្ឋាភិ​បា​​លខ្មែរបញ្ជាឱ្យបាញ់​ទម្លាក់ដ្រូនដែ​ល​​ហោះចូលបំពា​​​នអធិបតេ​យ្យ​កម្ពុជា

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ចេញ​បទ​បញ្ជាដាច់ណាត់ ឱ្យកងកម្លាំងប្រដាប់វុធ ដោយប្រើប្រាស់អាវុធទំនើបចំនួន ២០០ដើម ដើម្បី​បាញ់ទម្លាក់ដ្រូនដែលហោះចូលបំពានអធិបតេយ្យរបស់កម្ពុជានៅក្នុងតំបន់​នៃ​ខេត្តរតនគិរី។

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ។asianews
ក្នុងសារជាសំឡេងផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធ​ពល​​ខេមរភូមិន្ទ និងមេបញ្ជាការដ្ឋានកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរ​ជើង​នៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងអាជ្ញាធរ​នៅ​ទីនោះថា  បន្ទាប់ពីសភាពការណ៍ ដែលមានការវាយប្រហារដោយរបៀប​ភេរវកម្មនៅ​ក្នុង​ទឹកដីវៀតណាមកាលពីប្រមាណជាពីរអាទិត្យមុននេះ យើងបានខិតខំសហការជាមួយ​ភាគី​វៀតណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ព រត់ឆ្លងចូលមកក្នុងទឹកដីកម្ពុជារបស់យើង។ សម្ដេចបន្តថា  យើងសហការបានល្អជាមួយនឹងភាគីវៀតណាម ដើម្បីគ្រប់គ្រង​នូវ​សភាការណ៍ទាំងនេះនាំមកនូវស្ថិរភាពទាំងខាងកម្ពុជាផង និងសម្រាប់ទាំងខាង​វៀតណាមផង។សម្ដេចគូសបញ្ជាក់ថា អ្វីដែលជាបញ្ហានោះ  គឺដ្រូនជាច្រើនគ្រឿង បាន​ហោះ​ចូល​ទឹកដីកម្ពុជាយើងជាបន្តបន្ទាប់នៅក្នុងតំបន់នៃខេត្តរតនគិរី។យើងបានសួរបញ្ជាក់ទៅ​ខាងភាគីវៀតណាមតែវៀតណាមបានបដិសេធថាមិនមែនជាដ្រូនរបស់ខ្លួនទេ។ដូច្នេះការ​វាយតម្លៃជាបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ សម្ដេចប៉ាន់ស្មានថាដ្រូនមានចំនួនដ៏ច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារនៅក្នុងទឹកដីវៀតណាម ដែល​ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលមកក្នុងទឹកដីកម្ពុជា។ ក្នុងសភាព​ការណ៍​បែបនេះសម្ដេចប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឱ្យ ឯកឧត្ដមរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្ដមអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្ដម​មេបញ្ជាការដ្ឋានកងអង្គរក្សបញ្ចេញនូវអាវុធសម្រាប់ការបាញ់យន្តហោះទៅកាន់ទីកន្លែង ដែលដ្រូនហោះចូល។ សម្ដេចបន្ថែមថា យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បី​បាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា។សូមចាត់ចែងជាបន្ទាន់ បញ្ចេញកម្លាំងឱ្យបានឆាប់ទាំងកម្លាំងនិងអាវុធដែលនៅនឹងបញ្ជាការដ្ឋានអង្គរក្ស និង​កម្លាំង និងអាវុធដែលនៅនឹងអង្គភាពប្រឆាំងភេរវកម្ម ដែលអាវុធនោះគឺជាប្រភេទអាវុធ​ទំនើបរបស់យើងដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះ ហើយក៏មានសមត្ថភាព​ដើម្បី​​បាញ់ដ្រូន។ ដូច្នេះសូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្តន៍នូវវិធានការចាំបាច់ ដើម្បី​ការពារនូវការឈ្លានពាន ឬការស៊ើបការណ៍ណាមួយពីសំណាក់ដ្រូនដែលយើងមិន​ដឹងពីប្រភពថាវាមកពីខាងណា។អីចឹងវិធីតែមួយគត់គឺបាញ់ទម្លាក់ដ្រូននេះតែម្ដង។ សម្ដេចគូសបញ្ជាក់បន្ថែមថា៖ «សូមចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើង​ជា​បន្ទាន់ អាវុធយ៉ាងហោចណាស់ត្រូវមាន ១០០ដើម ដើម្បីបាញ់ទម្លាក់ដ្រូននេះ។ យកទៅ​ឱ្យច្រើនគ្រឿង ហើយបាញ់ផ្គុំដើម្បីទម្លាក់ដ្រូន ហើយដើម្បីច្បាស់ថា តើដ្រូនជារបស់​អ្នក​ណាពិតប្រាកដ។  ការហោះហើរចូលក្នុងទឹកដីកម្ពុជាដើម្បីស៊ើបការណ៍ ហើយធ្វើក្នុងពេលយប់ គឺមិនមែជារឿងធម្មតានោះឡើយ»។សម្ដេចនាយករដ្ឋមន្រ្ដីក៏សូមឱ្យរដ្ឋមន្ត្រីការពារជាតិអគ្គមេបញ្ជាការកង​យោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការដ្ឋានកងអង្គរក្ស ដែលគ្រប់គ្រងអាវុធនេះ បញ្ចេញអាវុធនិងកម្លាំងទៅជាមួយបន្ថែមទៅដោយកម្លាំងប្រឆាំងភេរវកម្មផងដែរ យើងរៀបចំច្រើនក្រុម ច្រើន​ទីកន្លែង ដើម្បីពង្រាយ ហើយបាញ់ទម្លាក់ដ្រូននេះឱ្យខាងតែបាន។ សម្ដេចបានលើកឡើងថា សម្ដេចបានបញ្ជាឱ្យមេបញ្ជាការដ្ឋានកងអង្គរក្ស បញ្ចេញកម្លាំង ៥០០​នាក់ ជាមួយនឹងអាវុធ ២០០ដើម ដើម្បពង្រាយគ្រប់ច្រកល្ហកសម្រាប់​ការបាញ់ទម្លាក់​ដ្រូន​នេះ។ ដូច្នេះ បទបញ្ជានេះ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវចាត់ការបន្ទាន់​បញ្ជូន​កម្លាំងនេះឡើងភ្លាម សម្រាប់៥០០នាក់ ជាមួយនឹងអាវុធហោចបំផុត ២០០ដើម។ បើត្រូវ​ការ​បង្កើនថែមទៀត ក៏ចាំបាច់ត្រូវតែបន្ថែម។ សម្ដេចសង្កត់ធ្ងន់ថា៖ «យើងគ្មានការ​អត់ឱន និងលើកលែងសម្រាប់អ្នកណាក៏ដោយដែលបំពានអធិបតេយ្យរបស់កម្ពុជា»។សម្ដេចសង្ឃឹមសម្ដេចនិងឯកឧត្ដមនឹងធ្វើការងារនេះបានដោយល្អើ។សូមរំលឹកថាកាលពី២សប្តាហ៍កន្លងទៅមានក្រុម​បះបោរ ដែល​សម្តេច​សំដៅ​ទៅលើ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​វៀតណាមបានបើក​ការវាយលុក​ទៅលើ​សាលា​ឃុំចំនួន២របស់​វៀតណាម ស្ថិតនៅឈមគ្នានឹងខេត្តរតនគីរីរបស់កម្ពុជាដែលក្នុង​ពេល​តែមួយ​នោះ ​មេឃុំ លេខា​បក្ស​ឃុំ ប៉ូលិស ប្រជាពលរដ្ឋមួយចំនួនត្រូវបានសម្លាប់។ ប្រឈមនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ផងដែរទៅកាន់​កម្លាំង​ប្រដាប់​អាវុធកម្ពុជា ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាមក្នុងទឹកដី​ខេត្ត​រតនគិរី និងមណ្ឌលគិរី ត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ត្រៀម​ទប់ស្កាត់​ក្រុម​បះបោរ​ជន​ជាតិ​ភាគតិច​នៃប្រទេស​វៀតណាម​ ដែលមាន​បំណង​រត់ចូល​ក្នុង​ទឹកដី​កម្ពុជា។ក៏ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់មានការបញ្ជាក់ណាមួយពីការចាប់ខ្លួនសកម្មជនបះបោររត់ចូលមកក្នុងទឹកដីកម្ពុជានៅឡើយ៕AKP/RFI
Powered by Blogger.