ទាំ​ងក្រសួ​ងវ​ប្បធ​ម៌នា​យ​​ករដ្ឋមន្ត្រីហ៊ុន សែនប្រតិក​ម្មនឹងតារា​ចម្រៀងស្រី​មា​ស សុខ​​សោភា

 ទាំងក្រសួងវប្បធម៌ទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវប្រតិកម្មផ្លូវការឲ្យតារាចម្រៀងស្រីមាស សុខសោភា លុបបទចម្រៀង«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧»ដែលនាងបានច្រៀង ចេញពីបណ្តាញសង្គមទាំងអស់។

រូបភាពអ៊ីនធឺណិត

ប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាល និងក្រសួងវប្បធម៌ដូច្នេះធ្វើឡើងក្រោយពិនិត្យឃើញនិងមានការរិះគន់យ៉ាងព្រោងព្រាធពីមហាជនចំពោះខ្លឹមសារប្រវត្តិសាស្ត្រដែលមិនមានភស្តុតាងត្រឹមត្រូវ។តាមរយៈឃ្លីបសម្លេងជាង៣នាទីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថាបទចម្រៀងដែលច្រៀងដោយតារាចម្រៀង មាស សុខសោភា ក្រោមចំណងជើងថា«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» បានធ្វើឲ្យមានការភ័ន្តច្រលំយ៉ាងធំនូវប្រវត្តិសាស្ត្ររបស់ជាតិ ដែលខ្លឹមសារនៃបទចម្រៀងបានផ្ទុយស្រឡះខណៈដែលសម្តេចយល់ថាមានតែព្រះបាទជ័យវរ្ម័នទី៧ តែមួយអង្គគត់ដែលត្រូវបានគោរព និងលើកតម្កើងយ៉ាងខ្ពស់។សម្តេចហ៊ុន សែន ក៏បានស្នើឲ្យនាង មាស សុខសោភា ដកបទចម្រៀងនេះចេញពីបណ្តាញសង្គមជាបន្ទាន់ និងស្នើឲ្យមហាជនកុំចែកររំលែកបន្តព្រមទាំងប្រាប់ឲ្យក្រសួងវប្បធម៌បន្តធ្វើកិច្ចការនេះ។ក្រសួងវប្បធម៌ក៏បានបង្ហាញប្រតិកម្មមិនខុសពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដោយហៅបទចម្រៀងដែលច្រៀងដោយ មាស សុខសោភាថាជាការបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧។ក្រសួងក៏បានអំពាវនាវដល់សាធារណជន ក៏ដូចជាសិល្បករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ឬប្រវត្តិសាស្ត្រសូមឲ្យធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់គ្រុងជ្រោយ ឬក៏អាចធ្វើការស្នើសុំសហការពីក្រសួងវប្បធម៌ផងដែរ។សូមរំលឹកថាបទចម្រៀង«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧»ដែលពេលនេះបានលុបចេញពីបណ្តាញសង្គមទៅហើយនោះបានរៀបរាប់ពីការចេញទៅធ្វើសឹកសង្គ្រាមរបស់ព្រះមហាក្សត្រនិងបានសោយទិវង្គត់ដោយសារសាច់ឈាមខ្លួនឯងចូលដៃជាមួយសត្រូវដែលការសោយទិវង្គត់របស់ព្រះបាទជ័រវរ្ម័នទី៧ដូច្នេះ មិនមានឯកសារភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់មកសំអាង។ជាមួយគ្នានេះ លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្របានកត់សម្គាល់ថាផ្នែកពាក់ព័ន្ធដែលជាសេនាធិការរបស់រដ្ឋាភិបាលត្រូវតែមានវិធានការទប់ស្កាត់ជាមុនមិនត្រូវរង់ចាំប្រតិកម្មពីប្រមុខរដ្ឋាភិបាលនោះទេ។ទោះយ៉ាងណា អ្នកចម្រៀង មាស សុខសោភា ក៏បានចេញមកសុំទោសដល់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងមហាជនខ្មែរ ចំពោះកំហុសឆ្គងរបស់នាង ហើយសន្យាថានឹងលុបវីដេអូចម្រៀងទាំងអស់ពីបណ្តាញសង្គម ព្រមទាំងធ្វើការសិក្សាបន្ថែមពីវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរផងដែរ៕RFI

Powered by Blogger.