ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ករណីរកឃើញមន្ត្រីនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ត្រូវអនុវត្តវិន័យយ៉ាងតឹងរឹងបំផុត និងអាចបណ្តេញចេញពីក្របខណ្ឌ


បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា រាល់ការបំពេញភារកិច្ច គប្បីចៀសឲ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន ករណីរកឃើញមន្ត្រីនគរបាលរូបណារូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ត្រូវអនុវត្តវិន័យយ៉ាងតឹងរឹងបំផុត និងអាចបណ្តេញចេញពីក្របខណ្ឌទៀតផង។

ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា កងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ 

 ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តទៀតដែរថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ 

ដើម្បីអនុវត្តតួនាទីភារកិច្ច ផ្ដល់ជូនភាពកក់ក្ដៅជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង។ ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា នាពេលខាងមុខ ក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានីខេត្ត និងកម្រិតថ្នាក់ដឹកនាំតាមអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀត៕























Powered by Blogger.